អតីតឧបនាយករដ្ឋមន្ត្រីថៃ៖ បច្ចុប្បន្នខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗ រីកចម្រើននឹកស្មានមិនដល់

August 15, 2019 36

ព្រះសីហនុ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ បានបង្ហាញ ការកោតសរសើរថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗរីកចម្រើននឹកស្មានមិនដល់ ហើយនៅពេលខាងមុខ នឹងមានទេសចរឆ្លងកាត់ស្នាក់នៅប្រទេសទាំងបីក្នុងតំបន់មានថៃ-កម្ពុជា- វៀតណាមកាន់តែច្រើនបន្ថែមទៀត។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា លោក ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណអភិបាលខេត្ត ដែលអនុញ្ញាត្តឲ្យគណៈប្រតិភូថៃ ចូលជួបពិភាក្សា។ ប្រទេសថៃ-កម្ពុជា មានចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការយូអង្វែង ម្យ៉ាងទៀត ប្រជាជននៅតាមព្រំដែន នៃប្រទេសទាំងពីរ មានការដោះដូរពាណិជ្ជកម្មពីគ្នាទៅវិញទៅមក។ គោលនយោបាយកម្ពុជារឹងមាំធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនប្រកបដោយជោគជ័យ លោក សង្ឃឹមថា នៅរយៈពេល២ឬ៣ឆ្នាំខាងមុខ កម្ពុជា និងបោះជំហានរីកចម្រើនបន្ថែមទៀត នឹងក្លាយជាមហានគរ មានភាពស៊ីវីល័យនៅតាមកន្លែងកម្សាន្ត ព្រោះខេត្តព្រះសីហនុមានឆ្នេរស្អាត និងក្លាយជារមនីយដ្ឋានស្អាត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជម្រាបជូនពីសក្តានុពលខេត្តព្រះសីហនុ មានកោះ៣២ ផ្លូវជាតិសំខាន់២ គឺផ្លូវជាតិលេខ៤ និងលេខ៣ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ហើយថ្មីៗនេះកំពុងជម្រុញពង្រីកបន្ថែម មានផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ និងភ្ជាប់មកខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានមុខងារជាខេត្តទេសចរណ៍ ក្នុងរយៈពេល២ឆ្នាំចុងក្រោយ មានអ្នកវិនិយោគចិនមកវិនិយោគ នៅខេត្តព្រះសីហនុច្រើនជាងគេ បានប្រែក្លាយខេត្តជាតំបន់សេដ្ឋកិច្ចពហុមុខងារ។

លោកអភិបាលខេត្តបន្តថា បច្ចុប្បន្នសំណង់មានការកើនឡើងបំរើឱ្យការអភិវឌ្ឍ ធ្វើឱ្យមានលំហូរចូលមនុស្សក្នុងស្រុក និងមកពីបរទេស ខេត្តមានការប្រែប្រួលយ៉ាងឆាប់រហ័ស ទន្ទឹមនិងការអភិវឌ្ឍរីកចម្រើន ក៏មានភាពស្មុគស្មាញធ្វើឱ្យមានការខូចខាតផ្លូវ ដោយសារកំណើនយាន យន្តដឹកជញ្ជូនធ្ងន់ បណ្តាល ខូចខាតផ្លូវថ្នល់ រួមផ្សំកាលពីថ្ងៃទី៨ សីហាកន្លងមកភ្លៀងធ្លាក់ជាប់គ្នា បណ្តាលធ្វើឱ្យក្រុងរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ កម្ពុជាធ្លាប់មានសង្គ្រាមរាប់សិបឆ្នាំធ្វើអោយយើងចងចាំទុកសម្រាប់ប្រជាជនកម្ពុជា។

ដោយសារសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ហើយកម្ពុជាមានមោទន:ភាពមានសន្តិ ភាពពេញលេញ និងអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានយោធាបរទេសនៅលើទឹកដីកម្ពុជា ។ បច្ចុប្បន្នប្រទេសទាំងពីរ កម្ពុជា- ថៃ មានទំនាក់ទំនងស្អិតរមួតក្នុងកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះ រដ្ឋបាលខេត្តបានបញ្ជូនគណ:ប្រតិភូ ទៅចូលរួមប្រជុំនៅប្រទេសថៃ ដើម្បីទាក់ទាញតភ្ជាប់ទេសចរឆ្លងកាត់ ស្នាក់នៅរវាងកម្ពុជា-ថៃ និងវៀតណាម៕

Loading...