លោក ឈាង វុន៖ កម្ពុជា មិនអាចផ្ដល់សញ្ជាតិដោយស្វ័យប្រវត្តិ ដល់ប្រជាជនវៀតណាមនោះទេ

August 20, 2019 61

ភ្នំពេញ ៖ រដ្ឋាភិបាលក្រុងហាណូយ បានបន្តស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាផ្តល់សញ្ជាតិស្របច្បាប់ ដល់ប្រជាជនរបស់ខ្លួន ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា ប៉ុន្តែសំណើនេះ ត្រូវបានភាគីកម្ពុជាបដិសេធ។

សំណើរបស់រដ្ឋាភិបាលក្រុងហាណូយ បានធ្វើឡើងនៅក្នុងសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេស សភាកម្ពុជា, ឡាវ និង វៀតណាម (CLV) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ខេត្តខ្វាងនិញ ប្រទេសវៀតណាម។

លោក ឈាង វុន តំណាងរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ និងត្រឡប់មកដល់កម្ពុជាវិញថា ក្នុងកិច្ចប្រជុំប្រកបដោយភាពតានតឹងនេះ រដ្ឋាភិបាល នៃប្រទេសវៀតណាម ជាថ្មីម្តងទៀត បានបន្តស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាផ្តល់សញ្ជាតិស្របច្បាប់ដល់ប្រជាជនខ្លួន ដែលកំពុងរស់នៅនិងធ្វើការរកស៊ីនៅកម្ពុជា ប៉ុន្តែលោកបដិសេធ ចំពោះការស្នើសុំរបស់ភាគីវៀតណាម ព្រោះកម្ពុជាមានច្បាប់របស់ខ្លួន។

លោក ឈាង វុន បានពន្យល់ថា កម្ពុជា មានច្បាប់របស់ខ្លួន ហើយច្បាប់ជាច្រើនទាំងអស់នោះរួមមាន ទាំងច្បាប់សញ្ជាតិច្បាប់អន្តោ ប្រវេសន៍។ ដូច្នេះ កម្ពុជា មិនអាចផ្ដល់សញ្ជាតិដោយស្វ័យប្រវត្តិដល់ប្រជាជនវៀតណាមទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានទេ។

លោក ឈាង វុន បានសង្កត់ធ្ងន់ថា រឿងទឹកដី ឬសញ្ជាតិ គឺជាចំណុចរសើប បើភាគីណាមួយហ៊ានលះបង់នូវចំណុចទាំងអស់នេះ វានឹងត្រូវបានគេប្រហារថា ជាមនុស្សក្បត់ជាតិ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានជំហរច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដី ពោលគឺមិនឲ្យបាត់បង់ទឹកដីមួយចំណិត ដល់ប្រទេសណាមួយនោះឡើយ៕

Loading...