ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីកោះហៅ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ឲ្យចូលបំភ្លឺរឿងផ្តល់ដី ជិត១ម៉ឺនហិកតា ឲ្យក្រុមហ៊ុនឯកជន

August 21, 2019 74

មណ្ឌលគិរី ៖ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាកោះហៅ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយបំភ្លឺចំពោះករណី ផ្តល់ដី ទំហំ ៩,៧៤១ ហិកតាឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

យោងតាមដីកាកោះហៅ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ឯកឧត្តម ឡោ រស្មី ត្រូវចូលខ្លួនឆ្លើយបំភ្លឺលើសំណុំរឿងព្រហ្មទណ្ឌលេខ២១៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំពោះការផ្តល់ការអនុញ្ញាតឲ្យដី ចំនួន ១.០០០ហិកតា ក្នុងអនុតំបន់I, អនុតំបន់II ចំនួន ២.០០០ហិកតា, អនុតំបន់III ចំនួន ២.០០០ហិកតា, អនុតំបន់IV ចំនួន ២.០០០ហិកតា និងអនុតំបន់V ចំនួន ២.៧៤១ហិកតា ឲ្យទៅក្រុមហ៊ុនផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការកោះហៅឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការនេះ អាចផ្តើមចេញពីយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងទឹកដីភូមិភាគឦសាន ដែលមានការដឹកនាំ និងបញ្ជាផ្ទាល់ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ក្រៅពីឯកឧត្តម ឡោម រស្មី ក៏មានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ, ថៅកែក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចជាជនជាតិចិន, មន្ត្រីក្រសួងមរិស្ថាន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើជាង ២០នាក់ទៀត ក៏ត្រូវតំណាងអយ្យការកោះហៅឲ្យចូលខ្លួនបំភ្លឺផងដែរ ខណៈដែលឧកញ៉ា ស៊ឹង សំអុល ថៅកែឈើប្រចាំខេត្តមណ្ឌលគិរី និងកូនចៅ៣នាក់ទៀត រួមជាមួយមន្ត្រីជំនាញព្រៃឈើ២នាក់ និងជនជាតិវៀតណាម២នាក់ផង ត្រូវបានតុលាការខេត្តមណ្ឌលគិរីឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ។

ពាក់ព័ន្ធបទល្មើសដីធ្លីនៅក្នុងមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ទើបតែចេញលិខិតដកហូតដីជិត ១.០០០ហិកតា ពីឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោយពីសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកឯកឧត្តម សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី៕

Loading...