ស៊យធំ! ចូលទៅលួចដែក សមត្ថកិច្ចប៉ុស្ដិ៍កាកាបទី២ល្បាតជួប ចាប់បានម្នាក់ រត់គេចខ្លួនបាត់ម្នាក់

August 21, 2019 76

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលប៉ុស្ដិ៍ដឹកនាំល្បាតផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ ធ្វើការឃាត់ខ្លួន ចំណែកបក្ខពួកម្នាក់ទៀត រត់គេចទៅបាត់ បន្ទាប់ពីនាំគ្នាចូលទៅលួចយកដែក នៅការដ្ឋានសំណង់ ក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ បានរត់គេចខ្លួនបាត់។ ទាំង២នាក់ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ម៉ក់ ណាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលកម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាបទី២ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍ ល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស ក៏ប្រទះជួបជនសង្ស័យទាំង២នាក់ អូសដែកចេញពីការដ្ឋានសំណង់ចំណុចខាងលើ ក៏ហៅឃាត់សាកសួរ ស្រាប់តែជនសង្ស័យម្នាក់ដឹងខ្លួន រត់គេចទៅបាត់ ចំណែកជនសង្ស័យម្នាក់ អូសរទេះដឹកដែក ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាង។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបានម្នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌ ពោធិ៍សែនជ័យបន្តតាមនីតិវិធី៕

Loading...