នគរបាលបារាំង ចាប់ខ្លួនបាតុករ ចំនួន១៩នាក់ នៅក្បែរកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Biarritz

August 26, 2019 66

ប៉ារីស ៖ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩ បានចេញផ្សាយថា ប៉ូលិសបារាំង បានចាប់ខ្លួនមនុស្ស ចំនួន១៩នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងបាតុកម្មតវ៉ាក្បែរកន្លែងរៀបចំកិច្ចប្រជុំកំពូល G7 ដែលបាននិងកំពុងប្រព្រឹត្តទៅនៅឯទីក្រុង Biarritz ប្រទេសបារាំង។

ការសែតខាងលើ បានធ្វើការកត់សំគាល់ថា មនុស្ស ១៧នាក់ក្នុងចំណោមពួកគេ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ កន្លងទៅ គឺភាគច្រើនបណ្តាលមកពី បាតុករទាំងនោះ កាន់កាប់អាវុធក្នុងដៃ និងបានប្រើ អំហិង្សាប្រឆាំងមន្ត្រីអនុវត្តច្បាប់។

ជំវិញរឿងនេះដែរ បើតាមសារព័ត៌មាន Aljazeera មានមនុស្សរាប់ពាន់នាក់ បានចុះដើរដង្ហែរក្បួនតាមផ្លូវ ដើម្បីធ្វើបាតុកម្ម និងសម្តែងការមិនពេញចិត្តចំពោះមេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចនាំមុខ ដែលហៅកាត់ថា G7 ដែលកំពុងមានវត្តមានក្នុងប្រទេសបារាំង។ ពួកគេបានអំពាវនាវឱ្យមានសកម្មភាព ការពារអាកាសធាតុ ជាបន្ទាន់ ព្រមទាំងបានចោទប្រកាន់មេដឹកនាំពិភពលោកទាំងនោះថាបានបង្កឱ្យមានវិសមភាពសង្គមកាន់ខ្លាំងឡើងៗទៀតផង។

គួរជម្រាបថា កិច្ចប្រជុំកំពូល G7 នៅឯទីក្រុង ប្រទេសបារាំង ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា ដំណើរការទៅអមដោយបាតុកម្មតវ៉ាជាច្រើន រហូតដល់ពេលខ្លះ មន្រ្តីអនុវត្តច្បាប់បានឆ្លើយតប ជាមួយកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក លើហ្វូងបាតុករ៕

Loading...