សង្ស័យណាស់! នាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលផ្សារចាស់ ដេញអ្នកសារព័ត៌មានមិនឲ្យថត ក្រោយមានករណីជនបរទេស ចូលម៉ាស្សា ត្រូវគេលួចលុយអស់៥០ដុល្លារ

August 26, 2019 66

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដោយជនជាតិបរទេសស្បែកខ្មៅម្នាក់ ចូលទៅផ្ទះម៉ាស្សាមួយកន្លែង តាមបណ្តោយផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ តែត្រូវបានគេលួចលុយអស់៥០ដុល្លារ ខណៈទៅសួរនាំភាគីហាងម៉ាស្សា ក៏មានការឈ្លោះប្រកែកគ្នា រហូតបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើន នឹងសមត្ថកិច្ច ចុះអន្តរាគមន៍នាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសួរនាំភ្លាមៗ។

បើតាមការបកប្រែរបស់ប្រជាពលរដ្ឋ ដែលបានសាកសួរទៅលើជនជាតិបរទេសខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់(ជនបរទេស) បានចូលទៅទីតាំងម៉ាស្សាខាងលើតែម្នាក់ឯង ដោយទើបតែម៉ាស្សាបានបន្តិច ក៏ឃើញគេលួចយកលុយរបស់ខ្លួនអស់៥០ដុល្លារ ភ្លាមៗនោះ រូបគាត់ក៏ដើរទៅសួរនាំភាគីខាងម្ចាស់ហាង ហើយយកទូរស័ព្ទនារីម៉ាស្សាក្នុងហាងនោះ១គ្រឿង ដើម្បីប្តូរយកលុយវិញ តែខាងហាងមិនព្រមឲ្យលុយវិញ ថែមទាំងរកវាយគាត់ទៀត។

ប្រភពដដែលបានបន្តថា ខណៈដែលប្រជាពលរដ្ឋក្បែរនោះឃើញហេតុការណ៍ផងដែរ ក៏រត់ទៅសួរនាំជនបរទេសខាងលើ ទើបមួយសន្ទុះក្រោយមក លោកនាយប៉ុស្តិ៍ស្ដីទីនគរបាលរដ្ឋបាលផ្សារចាស់ បានចុះមកដល់កន្លែងកើតហេតុ នាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសួរនាំឲ្យបានដឹងរឿងលម្អិត។

ខណៈពេលលោកនាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលផ្សារចាស់ បាននាំភាគីទាំងសងខាងទៅដល់ប៉ុស្តិ៍ បែរជាមិនឲ្យអ្នកសារព័ត៌មានជាច្រើនចូលទៅក្នុង នឹងមិនឲ្យឈរថតមុខប៉ុស្តិ៍ ដើម្បីធ្វើការផ្សព្វផ្សាយទៅវិញ និងធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យថា ទីតាំងម៉ាស្សាខាងលើ មានពាក់ព័ន្ធអ្វីជាមួយលោកនាយប៉ុស្តិ៍ស្តីទីហើយ ទើបបានព្យាយាមដេញអ្នកសារព័ត៌មានចេញ និងហាមអ្នកសារព័ត៌មានជាច្រើនធ្វើការផ្សាយផ្ទាល់មុខប៉ុស្ដិ៍បែបនេះ។

ក្នុងករណីនេះ ក្រោយសមត្ថកិច្ចសាកសួរចប់ ម្ចាស់ហាងម៉ាស្សាខាងលើ បញ្ជាក់ថា អ្នកដែលយកលួចលុយរបស់ជនជាតិបរទេស  ខាងលើ គឺមិនមែននារីម៉ាស្សាក្នុងហាងគាត់ទេ តែជាអ្នកដទៃប៉ុណ្ណោះ។ ហើយម្ចាស់ហាងម៉ាស្សាខាងលើ បន្តទៀតថា ដោយសារជនបរទេស បាត់លុយក្នុងហាងរបស់គាត់ ទើបគាត់សុខចិត្តចេញលុយសងដល់ជនបរទេស ដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយបន្តទៀត៕

Loading...