លោក ត្រាំ លុបចោលទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ព្រោះតែព្យុះហឺរីខិន Dorian ដែលកំពុងសំដៅមករដ្ឋផ្លូរីដា

August 30, 2019 49

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ បានចេញឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានសម្រេចចិត្តលុបចោលគម្រោងបំពេញទស្សនកិច្ច របស់លោកទៅកាន់ប្រទេសប៉ូឡូញ ដោយសារព្រួយបារម្ភអំពីព្យុះហឺរីខិន ដែលកំពុងឆ្ពោះមករករដ្ឋផ្លូរីដា។

លោក ត្រាំ បានប្រកាសបែបនេះនៅឯសេតវិមាន ដោយលោកបានបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) នឹង ជាអ្នកធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញជំនួសរូបលោក។ នៅចុងសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានគ្រោងនឹងទៅទស្សនកិច្ចនៅប៉ូឡូញ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបមួយ ពាក់ព័ន្ធសង្រ្គាមលោកលើកទីពីរ។

គួរជម្រាបថា បន្ទាប់ពីបានធ្វើដំណើរឆាបដែនដីអាមេរិកនៅតំបន់សមុទ្រការីបៀនគឺ ភើតូរីកូ (Puerto Rico) ព្យុះហឺរីខិនឈ្មោះថា ដូរៀន (Dorian) ត្រូវគេរំពឹងថា នឹងកើនឡើងឥទ្ធិពលដល់កម្រិត Category 4 (Category 5 ជាកម្រិតខ្ពស់បំផុតសម្រាប់ព្យុះហឺរីខិន) នៅពេលដែលវាបោកបក់មកដល់ឆ្នេរភាគខាងកើត នៃរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

Loading...