ព្យុះ Hurricane Dorian ផ្ដាច់យកជីវិតមនុស្ស៥នាក់ នៅប្រទេសបាហាម៉ាស់

September 03, 2019 48

បាហាម៉ាស់ ៖ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ បានចេញផ្សាយថា មនុស្សយ៉ាងហោចណាស់ ចំនួន៥នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសបាហាម៉ាស់ (Bahamas) ស្ថិតនៅតំបន់ Caribbean ដោយសារតែព្យុះ Hurricane Dorian ដែលកំពុងបន្ត បក់បោកសំដៅទៅកាន់តំបន់ឆ្នេរសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីបាហាម៉ាស់ លោក Hubert Minnis បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង៥នាក់ ខាងលើត្រូវបានគេរាយការណ៍នៅកោះ Abaco ស្ថិតនៅភាគឦសាននៃប្រទេស។ ដោយឡែក បើតាមកាកបាទក្រហមអន្តរជាតិ ផ្ទះជាង១,៣០០០ខ្នង ក៏រងការបំផ្លិចបំផ្លាញផងដែរ ដោយសារ គ្រោះទឹកជំនន់ និងកម្លាំងខ្យល់បក់ដ៏ខ្លាំងបង្កឡើងដោយព្យុះ Dorian។

គួរបញ្ជាក់ថា ព្យុះ Hurricane Dorian បានវាយប្រហារលើប្រទេសបាហាម៉ាស់ ដោយវិវត្តខ្លួនទៅ ជាព្យុះ Hurricane ប្រភេទទី៥ ជាមួយល្បឿនខ្យល់បក់២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែ បច្ចុប្បន្ន ព្យុះមួយនេះបានប្រែក្លាយជាព្យុះ Hurricane ប្រភេទ៤ និងកំពុងបក់បោកឆ្ពោះទៅកាន់ តំបន់ឆ្នេរសហរដ្ឋអាមេរិក ជាទីដែលមនុស្សរាប់លាននាក់ត្រូវបានគេបង្គាប់ឱ្យជម្លៀសខ្លួន ទៅរក កន្លែងមានសុវត្ថិភាព៕

Loading...