សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ប្រមាណ២៥០លានដុល្លារ

September 07, 2019 48

គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ថា លោក Ron Johnson និងលោក Chris Murphy សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានថ្លែងឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាមេរិកាំង មានបំណងនឹងផ្តល់មូលនិធិជំនួយ ផ្នែកសន្តិសុខចំនួន២៥០លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន។

យោងតាមការចុះផ្សាយព័ត៌មានដោយ ទីភ្នាក់ងារព័ត៌មាន Interfax Ukraine បានឲ្យដឹងថា ការប្រកាសយ៉ាងដូច្នេះ បានធ្វើឡើងដោយសង្ខេប ដោយសមាជិកព្រឹទ្ធសភា លោក Ron Johnson និងលោក Chris Murphy ក្រោយពីកិច្ចប្រជុំមួយជាមួយនឹងលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោក Johnson បានថ្លែងនៅក្នុងកិច្ចប្រជុំដែលមានរយៈពេលខ្លីថា “សហការីរបស់ខ្ញុំ និងខ្ញុំ បានជួបជាមួយលោក ប្រធានាធិបតី ដូណាល់ ត្រាំ ហើយយើងបានបញ្ជូនសារលិខិតមួយច្បាប់ ដែលជំរុញឲ្យគាត់ប្រើប្រាស់មូលនិធិនេះ នឹងផ្តល់ជាជំនួយដល់ប្រទេសអ៊ុយក្រែន ឲ្យបានរួចរាល់នៅក្នុងឆ្នាំនេះ”។

ផ្អែកតាមមូលនិធិដែរ នឹងនាំឲ្យទឹកប្រាក់ ដែលជាជំនួយផ្នែកសន្តិសុខ របស់សហរដ្ឋអាមេរិក ផ្តល់ដល់អ៊ុយក្រែន រហូតដល់១,៥ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៤៕

Loading...