កក្រើកខណ្ឌចំការមន! ជនជាតិចិន បើករថយន្ត BMW X6 បុកម៉ូតូ១គ្រឿង ហើយបើករត់ ត្រូវសមត្ថកិច្ចដេញតាមចាប់ បុកទាំងសមត្ថកិច្ច រងរបួសធ្ងន់

September 11, 2019 94

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ បើករថយន្ត BMW X6 ដ៏ទំនើប ដឹកនារីជនជាតិចិនរូបស្រស់សោភាម្នាក់ទៀត បោះពួយក្នុងល្បឿនលឿន ទៅប៉ះម៉ូតូមួយគ្រឿងដួល ហើយមិនព្រមឈប់ទទួលខុសត្រូវ ឬដោះស្រាយទេ បែរជាបើកចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងសមត្ថកិច្ចស៊ីវិលប្រទះឃើញ ទើបបោះដៃតាមវិទ្យុទាក់ទង(ID) ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកងចេញជួយអន្តរាគមន៍ និងប្រដេញតាមពីក្រោយ ស្រាប់តែជនជាតិចិននោះ បើកទៅបុកសមត្ថកិច្ចស៊ីវិលម្នាក់ ដែលបើកម៉ូតូ PCX មកស្ទាក់ពីមុខចំពេញទំហឹង ខ្ទេចអស់មួយកំណាត់ ហើយរថយន្តបង្ក ក៏រេចង្កូតទៅបុករថយន្ត Range Rover ដែលចតអែបសួនច្បារពុះចែកផ្លូវ បណ្ដាលឲ្យខ្ទេចទាំងពីរគ្រឿងទៀត ទើបសមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់បានទាំងអ្នកបើកបរ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក តាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក BMW x6 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9993 ធ្វើដំណើរមកពីក្រោយ ជ្រុលទៅម៉ូតូ បណ្តាលឲ្យដួល រងរបួសស្រាល បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ ភ្លាមនោះ កម្លាំងសម្ថកិច្ចដែលល្បាតប្រទះឃើញ ក៏ប្រដេញរហូតមកដល់មុខរដ្ឋសភា ទើបរថយន្តបង្កជ្រុលទៅបុកគូទរថយន្ត RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-9577 ដែលចតនៅលើចិញ្ចើមផ្លូវពេញទំហឹង រងការខូចខាត ភ្លាមនោះ កម្លាំងសមត្ថកិច្ចដែលប្រដេញពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកគូទរថយន្តបង្កទៀត បណ្តាលឲ្យបាក់ជើងម្ខាង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្ត ត្រូវបានឃាត់ខ្លួន ចំណែករថយន្តត្រូវសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕

Loading...