ក្រសួងការងារ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ ដើម្បីគាំពារពលករទេសន្តប្រវេសន៍

September 11, 2019 33

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យការងារដោយផ្តោតលើ កិច្ចគាំពារពលករទេសន្តប្រវេសន៍ នៅពាក់កណ្តាលខែកញ្ញានេះ។

យោងតាមប្រកាសព័ត៌មានក្រសួងការងារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងនឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ក្រោមប្រធានបទ ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តប្រវេសន៍ នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម នៅថ្ងៃទី១៦-១៧ កញ្ញា នាខេត្តសៀមរាប។

ក្រសួងក៏បានឲ្យដឹងថា កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាព នាព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៩។ គោលបំណងដ៏ចំបងរបស់សន្និសីទ ដើម្បីពិភាក្សាស្វែងរកក្របខណ្ឌរួមមួយ ពាក់ព័ន្ធការធ្វើចល័តភាព របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តប្រវេសន៍ក្នុងប្រទេស CLMTV ដើម្បីលើកកម្ពស់បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើ វិស័យការងារក្នុងប្រទេស CLMTV។

ជំរុញឲ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស CLMTV ពាក់ព័ន្ធការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ជាពិសេសច ល័តភាពនៃរបបសន្តិសុខសង្គម។ ពិភាក្សាឲ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមនាពេលអនាគត។ ធ្វើការឆ្ពោះទៅកាន់ការរៀបចំ ក្របខ័ណ្ឌរួមមួយ សម្រាប់ប្រទេស CLMTV ស្តីពីចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍។

តាមរយៈប្រធានបទនេះ ពិតជាបានឆ្លើយតបទៅនឹង គោលនយោបាយនិងយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលដូចជាក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥)។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជា (២០១៨-២០២៣) ដែលបានផ្តល់ការគាំពារសិទ្ធិ និងអត្ថប្រយោជន៍របស់ ពលករទេសន្តប្រវេសន៍៕

Loading...