លោក Felix G.Dalmas មិនពេញចិត្តលទ្ធផល តែទទួលយកការខំប្រឹងរបស់កូនក្រុម

September 11, 2019 36

ភ្នំពេញ ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix G.Dalmas បានបញ្ជាក់ថា លោកមិនពេញចិត្តលទ្ធផល ការប្រកួតយប់មិញនោះទេ តែលោករីករាយជាមួយការខំប្រឹងរបស់កីឡាករកម្ពុជា ដែលលេងដោយទំនុកចិត្ត និងឆន្ទៈ ទោះបីត្រូវជួបក្រុមខ្លាំង ដូចជាក្រុមជម្រើសជាតិបារ៉ែនក៏ដោយ ។ ការលើកឡើងនេះ ក្រោយកម្ពុជា រងបរាជ័យ ១-០ ក្រោមថ្វីជើងបារ៉ែន ក្នុងវគ្គជម្រុះ FIFA World Cup Qatar 2022 ក្នុងដីយប់មិញ។

លោក Felix និយាយថា «ការប្រកួតនេះ យើងឃើញចំណុចល្អច្រើន ដូចជាកីឡាករព្យាយាមជួយគ្នាទៅវិញទៅមក លះបង់ដើម្បីគ្នាទៅវិញទៅមក ព្យាយាមលេងជាមួយបាល់ ដោយទំនុកចិត្ត តាមអ្វីដែលខ្លួនចង់លេង ។ ជាការពិតយើងបានលេងជាមួយក្រុមមួយខ្លាំងមែនទែន ប៉ុន្ដែយើងនៅតែមានភាពក្លាហានក្នុងការលេង ។ ទោះបីយើងមិនទទួលបានពិន្ទុថ្ងៃនេះ តែយ៉ាងណាក៏ដោយ ខ្ញុំមើលឃើញកីឡាករទាំងអស់ ក្នងក្រុម គឺពិតជាអស្ចារ្យ តាំងពីក្នុងទីលាន និងក្រៅទីលាន ទោះបីលទ្ធផលយើងមិនអាចទទួលបានក៏ដោយ»។

សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតយប់មិញ បារ៉ែន បានឡើងឈរកំពូលតារាង និងមាន ៤ពិន្ទុ ខណៈកម្ពុជា បានធ្លាក់ទៅឈរលេខ៤ និងមាន ១ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា ។ ចំពោះប្រកួតបន្ទាប់វិញ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើការងារកាន់តែធ្ងន់ ដោយត្រូវជួបក្រុមខ្លាំងអ៊ីរ៉ង់ ដែលឈរចំណាត់ថ្នាល់ ២៧ លើពិភពលោក នាថ្ងៃទី១០ ខែតុលាខាងមុខ នៅទឹកដីអ៊ីរ៉ង់ មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុមភ្ញៀវអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩៕

Loading...