សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាំយកនូវទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តសុវណ្ណមុនីវង្ស ហៅវត្តអន្លង់ក្ងាន

September 11, 2019 101

ភ្នំពេញ ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា និងប្រតិភូអមដំណើរ នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តសុវណ្ណមុនីវង្ស ហៅវត្តអន្លង់ក្ងាន ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ រួមមាន៖ អង្ករ២០០គីឡូក្រាម មី១០កេស ត្រីខ៣០០កំប៉ុង សាច់ក្រក១០គីឡូក្រាម ត្រីងៀត១០គីឡូក្រាម ស្ករស១០គីឡូក្រាម ទឹកដោះគោខាប់២កេស អូវ៉ាន់ទីន២កេស តែ១០គីឡូក្រាម ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស និងថវិកា៥លានរៀល។

ក្នុងឱកាសនោះ គណៈប្រតិភូអបដំណើរ មានសទ្ធាជ្រះថ្លា ចូលជាបច្ច័យសរុបចំនួន២ពាន់ដុល្លារ និង១២លានរៀល ប្រគេនព្រះចៅអធិការវត្ដ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលបច្ច័យ ១លានរៀល និងសាដក១ ប្រគេនព្រះចៅអធិការវត្ត និងព្រះសង្ឃ ៣៤អង្គទៀត ក្នុង១អង្គៗទទួលបាន សាដក១ និងបច្ច័យ ១០ម៉ឺនរៀល និងជូនយាយជី តាជី ៣១នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងក្រណាត់ស ១ដុំ ក្នុងនោះមានថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមជម្រាបថា ការអញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្ត សុវណ្ណមុនីវង្ស ក្នុងឱកាស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រតិភូអមដំណើរ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងចាស់ជរាគ្មានទីពឹង ១,៧៧៧គ្រួសារ ដែលរស់នៅក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន៕

Loading...