ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ ជូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ

September 12, 2019 53

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ ជូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុនអានកូរ (វ៉ធើរសឹបផ្លាយ) ប្រចាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញ នៅសាលាខេត្តព្រះសីហនុ។

លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បានបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងបង្កើនការតបណ្តាញទុយោមេមានមុខកាត់ចាប់ពី ៤០០ រហូតដល់ ៦០០ ជាច្រើនខ្សែ និងបង្កើនការសាងសង់អាងផលិតទឹករហូតដល់ ១០០.០០០ម៉ែត្រគីប និងបន្តចែកចាយទឹកមករដ្ឋករទឹកខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ១០.០០០ ក្នុងឆ្នាំ២០១៦ និង ៣៥.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៩នេះ។

បច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយផលិតទឹកស្អាតមួយ និងស្ថានីយស្តុប និងចែកចាយទឹកមួយនៅជិតរោងចក្រ RCI ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងមានគម្រោងសាងសង់ស្ថានីយទី៣ ស្តុបទឹកនៅពេលខាងមុខ ដើម្បីបង្កើនបរិមាណទឹកចែកចាយជូនប្រជាពលរដ្ឋ និងទីតាំងអាជីវកម្មនានា ក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួន មានដូចជា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

ដោយឡែកលោក ផន រតនៈ ប្រធានអង្គភាពរដ្ឋករទឹក នៃមន្ទីរឧ្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមកអង្គភាពរដ្ឋករទឹកចំនួន ១៨.០០០ម៉ែត្រគីប, ២០១៧ ចំនួន ២៣.០០០ម៉ែត្រគីប និងបច្ចុប្បន្ន ៣០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក៍ប៉ុន្តែបរិមាណទឹក ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃមានរហូតដល់ ៥០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។ ដូច្នេះក្នុងមួយម៉ោង រដ្ឋករទឹកខេត្តព្រះសីហនុ ត្រូវការទឹកស្អាត ២.២០០ម៉ែត្រគីប  ក៍ប៉ុន្តែក្រុមហ៊ុនបញ្ជូនទឹកមកឱ្យអង្គភាពរដ្ឋករទឹកបានត្រឹមតែ ១.៤០០ម៉ែត្រគីបក្នុងមួយម៉ោង តែប៉ុណ្ណោះ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនមានការខ្វះខាតជាប្រចាំ។ កាលពីមុនអង្គភាពរដ្ឋករទឹក បានផលិតទឹកស្អាតក្នុងមួយថ្ងៃបានចំនួន ៧.០០០ម៉ែត្រគីប ដើម្បីបំពេញបន្ថែមការខ្វះខាត តែមកដល់ក្នុងឆ្នាំ២០១៨- ២០១៩នេះ អង្គភាពរដ្ឋករទឹកមិនអាចផលិតទឹកបាន ដោយសារតែបឹងព្រែកទប់ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍបូមដីចាក់បំពេញ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ទោះបីថារដូវភ្លៀងក៍ដោយតែតំបន់នួយចំនួនក្នុងក្រុងព្រះសីហនុ នៅតែប្រឈមនិងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងដោយសារតែខេត្តព្រះសីហនុ ជាតំបន់ខ្ពង់រាប មានកន្លែងខ្ពស់ខ្លះមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃ។

ឯកឧត្តម អភិបាលខេត្ត ក៍បានជម្រុញឱ្យក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បង្កើនសមត្ថភាពផលិតទឹកស្អាត ផ្តល់មកខាងអង្គភាពរដ្ឋករទឹកខេត្តព្រះសីហនុ ដើម្បីបន្តចែកចាយជូនប្រជាពល រដ្ឋក្នុងក្រុងព្រះសីហនុ ឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន។ ដោយសាររយ:ពេលពីរឆ្នាំចុងក្រោយនេះ កំណើនការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក កំណើននៃការប្រើប្រាស់ទឹកស្អាតមានការកើនឡើងផងដែរ ដែលទាមទាឱ្យក្រុមហ៊ុនបង្កើនការ ផលិតនិងចែកចាយបន្ថែមអាងស្តុប ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតនាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាលទ្ធផលក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្កាយ) បានឯកភាពតាមការណែនាំ របស់អភិបាលខេត្តព្រះសីហនុ បង្កើនការផលិតផ្គត់ផ្គង់ទឹកស្អាត មកខាងអង្គភាពរដ្ឋករទឹក តាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ៕

Loading...