ចុងសប្តាហ៍នេះ Lionel Messi និង Luis Suarez បន្តអវត្តមាន ក្នុងជំនួប Barcelona ប៉ះ Valencia នៅ LaLiga

September 12, 2019 33

បាល់ទាត់ ៖ យោងតាមការចេញផ្សាយរបស់ Marca នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធជួរមុខ ២រូប រួមមាន Lionel Messi និង Luis Suarez បន្តអវត្តមាន ក្នុងក្រុមការពារតំណែងជើងឯក FC Barcelona ដោយសារបញ្ហារបួសមិនជា ១០០ភាគរយ ក្នុងការប្រកួតជាមួយ Valencia នៃជំនួបស្វែងរក ៣ពិន្ទុ ក្នុងលីគកំពូលអេស្ប៉ាញ LaLiga 2019-2020។

Barcelona នឹងប៉ះគូប្រជែងចាស់ Valencia ក្នុងជំនួបសងសឹកផងដែរ បន្ទាប់ពីពួកគេបានបរាជ័យ ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey ជាមួយក្រុមប្រចៀវខ្មៅ Valencia ខណៈអ្នកចាត់ការទូទៅ Ernesto Valverde នឹងមិនអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Messi ចូលរួមប្រកួតនោះទេ ដោយនៅបន្តព្យាបាលរបួសកំភួនជើងឲ្យជា ១០០ភាគរយសិន។

គិតមកទល់ពេលនេះ កីឡាករប្រធានក្រុមអាហ្សង់ទីន Lionel Messi មិនទាន់បានចូលលេងក្នុងប្រកួតណាមួយក្នុងក្លឹប FC Barcelona នៃរដូវកាលថ្មីឆ្នាំ២០១៩-២០២០ នេះទេ គិតចាប់តាំងពីបានរងរបួសកាលពីដើមខែសីហា ឆ្នាំ២០១៩ និងកំពុងស្ថិតក្នុងភាពស្រពិចស្រពិលផងដែរក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ Borussia Dortmund ក្នុងជំនួបបើកឆាក UEFA Champions League នាសប្តាហ៍ក្រោយនេះ។

មួយវិញទៀត នេះក៏ជាក្តីសង្ឃឹមរបស់លោក Albert Celades ដែលទើបត្រូវបាន Valencia តែងតាំងជាអ្នកចាត់ការថ្មី ក្នុងការស្វែងរកជ័យជម្នះលើកដំបូង ក្រោយពេលក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាទាំងពីរប្រកួតកាលពីរដូវកាលមុន៕

Loading...