
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីផ្លោះរបងចូលផ្ទះពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្បែរបន្ទាយPM លើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ស ចាន់តារា អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពផ្លោះរបងផ្ទះប្រជាពលរដ្ឋ បំណងប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវពួកគាត់ឃើញក៏ស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យ រត់រហូតបានប្រហែល៥០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋចាប់បាន រួចទាក់ទងទៅសមត្ថកិច្ចឱ្យយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលបឹងកក់១ ដើម្បីធ្វើការសួរនាំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ ដើម្បីសួរនាំ និងចាក់តាមនីតិវិធីច្បាប់៕