ក្រោយរងសម្ភាធខ្លាំង! Zinedine Zidane ថា នឹងប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ នៅ Champions League

October 05, 2019 31

បាល់ទាត់ ៖ អ្នកចាត់ការទូទៅក្លឹប Real Madrid លោក Zinedine Zidane បានថ្លែងថា រូបលោកនឹងប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយ បើទោះបីជា កំពុងរងសម្ភាធខ្លាំងពីសំណាក់មជ្ឈដ្ឋាននៅអឺរ៉ុប ជាពិសេសក្នុងព្រឹត្តិការណ៍ UEFA Champions League តែម្តង។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបទល់នឹង Granada ដែលជាក្រុមលេខ២ នៅ La Liga នាម៉ោង ២១៖០០នាទីយប់ថ្ងៃសៅរ៍នេះ នៃ សប្តាហ៍ទី៨ ជើងទី១ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ រដូវកាលឆ្នាំ២០១៩-២០២០។

គួរបញ្ជាក់ផងថា គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានទទួលរងនូវពាក្យរិះគន់ ក៏ដូចជាសម្ភាធទ្វេរឡើង បន្ទាប់ពីដឹកនាំ Real Madrid មិនអាចរកបាន ៣ពិន្ទុក្នុងទឹកដីកីឡដ្ឋាន Santiago Bernabeu កាលពីរាត្រីថ្ងៃអង្គារដើមសប្តាហ៍នេះ ក្នុង UEFA Champions League និងជាពិសេសភ្លាត់ស្នៀតឲ្យក្រុមប៊ែលហ្ស៊ិក Club Bruges ធ្វើការនាំមុខ ២-០ ក្នុងវគ្គទី១ ដោយមិននឹកស្មាននៃការប្រកួតទី២ វគ្គសន្សំពិន្ទុប្រចាំពូល A មុនពេលវាយបកតាមស្មើ ២-២ វិញសម្រាប់ ៤៥នាទីដែលនៅសល់។

Zidane បានថ្លែងថា «ក្នុងកាលៈទេសៈនេះ ខ្ញុំកំពុងស្ថិតនៅចំណុចណា និងប្រឈមមុខអ្វីខ្លះនោះ។ តួនាទីជាគ្រូបង្វឹក វាចៀសមិនផុតពីជួបបញ្ហាទាំងនេះឡើយ តែខ្ញុំនឹងព្យាយាមប្រយុទ្ធរហូតដល់ថ្ងៃចុងក្រោយរបស់ខ្ញុំ ក៏ព្រោះតែខ្ញុំចាប់អារម្មណ៍ ក៏ដូចជាចូលធ្វើទៅតាមលទ្ធផលរបស់ខ្ញុំ»។

តែយ៉ាងណាក៏ដោយ Zidane ក៏បានកំពុងដឹកនាំ Real Madrid ឈរនៅកំពូលតារាងនៃ La Liga បណ្តោះអាសន្ននារដូវកាលនេះផងដែរ ដោយនាំមុខក្រុមទើបឡើងថ្មី Granada តែ ១ពិន្ទុប៉ុណ្ណោះ ដែលត្រូវប៉ះគ្នារាត្រីនេះ គ្រាដែល Granada ជាក្រុមដែលបានយកឈ្នះក្រុមជើងឯក FC Barcelona ដល់ក្នុងផ្ទះដោយលទ្ធផល ២-០ ផងដែរ៕

Loading...