សហភាពអ៊ឺរ៉ុប ជំរុញកូរ៉េខាងជើង ឲ្យឆ្ពោះទៅរកការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីល

October 09, 2019 36

សហភាពអ៊ឺរ៉ុប ៖ សមាជិកអឺរ៉ុប៥រូប របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសកូរ៉េខាងជើង ឲ្យបោះជំហានច្បាស់លាស់ ឆ្ពោះទៅរកការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោងទាំងអស់ចោល។

ប្រេសិតអឺរ៉ុបទាំងនោះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដូច្នេះ ក្រោយកិច្ចប្រជុំសម្ងាត់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេស ស្តីពីប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុយ៉ាងបាននិយាយថា ខ្លួនទើបបានតេស្តមីស៊ីលផ្លោង បាញ់ចេញពីនាវាមុជទឹកថ្មីមួយ កាលពីថ្ងៃពុធសប្ដាហ៍មុន។

គួរបញ្ជាក់ថា ការបាញ់តេស្តមីស៊ីល គឺជាទង្វើបង្កហេតុបំផុតមួយ ធ្វើឡើងដោយកូរ៉េខាងជើង ចាប់តាំងពីប្រទេសនេះ បានបន្តធ្វើការពិភាក្សាចរចាគ្នា ជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ ហើយសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់បម្រាមហាមមិនឲ្យទីក្រុងព្យុងយ៉ាង ប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង៕

Loading...