សមម្តេចតេជោ ហ៊ុន សែន ចង់ឃើញក្រុមហ៊ុនអាល្លឺម៉ង់ បន្តការវិនិយោគលើអគ្គិសនី នៅកម្ពុជា

October 09, 2019 48

ភ្នំពេញ ៖ សមម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ ចង់ឃើញក្រុមហ៊ុន SIEMENT LIMITED THAILAND បន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុននានានៅកម្ពុជា លើផ្នែកអគ្គិសនី។

តបតាមសំណើររបស់ នាយករដ្ឋមន្រ្តីខ្មែរ លោក Markus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THAILAND បានប្ដេជ្ញាបន្តធ្វើយ៉ាងណា ឲ្យវិស័យអគ្គិសនីនៅកម្ពុជា មានស្ថិរភាព គ្រប់គ្រាន់ដើម្បីអូសទាញការ វិនិយោគផ្សេងទៀតមកបណ្ដាក់ទុនបន្ថែមទៀត។ ការសន្យារបស់លោក Markus Lorenzini នេះ ក្នុងឱកាសសម្តេចតេជោ អនុញ្ញាតចូលជួបសម្តែងការគួរសម នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។

សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាកំពុងសហការ ជាមួយអាល្លឺម៉ង់លើវិស័យ ថាមពលអគ្គិសនី ជាពិសេសសម្ដេចចង់ឃើញ ក្រុមហ៊ុនរបស់លោកបន្ត កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទៅលើវិស័យថាមពលអគ្គិសនីនេះ។ សម្តេចនាយករដ្ឋមន្រ្តីអះអាងថា កម្ពុជាត្រូវការខ្លាំងលើវិស័យអគ្គិសនី ដើម្បីបំពេញដល់វិស័យផ្សេងៗជាច្រើនទៀត ដូច្នេះហើយកម្ពុជាត្រូវតែ បន្តការវិនិយោគលើ វិស័យថាមពលអគ្គិសនី។

លោក Markus Lorenzini បានថ្លែងថា ក្រុមហ៊ុនមានការិយាល័យ ប្រចាំការនៅទីក្រុងបាងកក ប្រទេសថៃ ហើយក្រុមហ៊ុនក៏មានវត្តមាន នៅកម្ពុជាជាង ២០ឆ្នាំមកហើយ។ ក្រុមហ៊ុនពិតជាមានឆន្ទៈ បន្តធ្វើពាណិជ្ជកម្មនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន បានសហការជាមួយក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នមានការពិភាក្សាជាច្រើនលើវិស័យថាមពល។ លោកបន្ថែមថា “ខ្ញុំចាត់ទុកថា អ្វីដែលសំខាន់គឺការបន្តធ្វើ យ៉ាងណាឲ្យវិស័យអគ្គិសនីមានស្ថិរភាព និងគ្រប់គ្រាន់ដើម្បីជាការ អូសទាញការវិនិយោគផ្សេងទៀត”។

សូមបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋកម្ពុជាបាន ប្រើប្រាស់អគ្គិសនីរហូតដល់ទៅជាង៧៣% ។ ៩២% នៃពលរដ្ឋនៅតាមទីជនបទ មានអគ្គិសនីប្រើប្រាស់។ រាជរដ្ឋាភិបាលកំពុងបន្តយកចិត្ត ទុកដាក់វិស័យថាមពល ហើយមិនត្រឹមតែអគ្គិសនីទេ ជាពិសេសលើគម្រោងថាមពលនៃបរិស្ថាន តាមរយៈការប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យផងដែរ៕

Loading...