អភិបាលខេត្តព្រះសីហនុ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះពលរដ្ឋ ដែលសង់របងលយចូលដីរដ្ឋ

October 09, 2019 62

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសចាត់វិធានការ ចំពោះពលរដ្ឋដែលសង់របង លយចូលដីរដ្ឋ និងប្រាប់ឲ្យក្រុមការងារបច្ចេកទេស ស្រង់ក្បាលដីកុំឲ្យចុះបញ្ជី បើមិនរើរបង ដែលលយចូលដីរដ្ឋនោះចេញវិញទេ។ នេះបើយោងតាមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំពន្លឿន ក្រុមការងារបោះបង្គោលតំបន់ ប្រើប្រាស់ច្រើនយ៉ាង ទឹកសាបក្បាលឆាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ នៅថ្ងៃទី៩ តុលានេះ លោក គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រង ចូលរួមក្នុងការបោះបង្គោល ដើម្បីឲ្យក្រុមការងារបច្ចេកទេស ចាប់ផ្តើមដំណើរការបានលឿន។ ក្រុមការងារនីមួយៗ ត្រូវមានឡានស្ទូចមួយគ្រឿង ដើម្បីជួយសម្រួលការងារ លើកដាក់បង្គោល។

លោកអភិបាលខេត្តបញ្ជាក់ថា «សុំឱ្យក្រុមការងារបច្ចេកទេស ស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ យើងមានវិធានការចំនួនពីរដូចជា៖ ១. បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឱ្យចុះបញ្ជី បើគាត់មិនរើរបង ដែលលយចូលដីរដ្ឋចេញ។ ២. សូមក្រុមការងារសម្រង់ឱ្យច្បាស់ នូវក្បាលដីដែលលយចូលដីរដ្ឋ ប៉ុន្មានម៉ែត្រការ៉េ និងធ្វើការជូនដំណឹងឱ្យ គាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការ ជាមួយក្រុមបច្ចេកទេស យើងអាចឈានទៅលុបប័ណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រង កុំឱ្យមានការបំពានលើដីរដ្ឋបន្តទៀត»។

ក្នុងឱកាសនោះដែរ លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ដោយសារតែក្រុមការងារ យើងមានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗ ចាប់ផ្តើមការងារក្នុងការដាំបង្គោល នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ទឹកសាបក្បាលឆាយ ក្រុង ខេត្តព្រះសីហនុ ដោយធ្វើការបែងចែក  ក្រុមការងារជាពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះ បោះបង្គោលបានលឿន រលូនតាមការគ្រោងទុក៕

Loading...