លោក គន់ គីម យកពូជស្រូវ ជាង១០០តោន ចែកកសិករនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីបង្កបង្កើនផលឡើងវិញ ក្រោយទឹកជំនន់បំផ្លាញ

October 10, 2019 41

កំពង់ចាម ៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានបន្តនាំយកពូជស្រូវ ចំនួន១០៧តោន ចែកជូនប្រជាកសិករ១,១៧៧គ្រួសារ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីធ្វើការដាំដុះបន្ត ក្រោយស្រូវរបស់ពួកគាត់ រងការខូចខាតដោយទឹកជំនន់នាពេលកន្លងទៅ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ដ្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

តាមរបាយការណ៍របស់អភិបាលស្រុក បានឲ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន៦ និងប៉ះពាល់ដំណាំស្រូវ ប្រមាណ១,០១២ហិកតា ស្មើនឹង១,១៧៧គ្រួសារ។ នៅក្នុងពេលចុះចែកពូជស្រូវ ដល់ប្រជាកសិករក្នុងស្រុកស្រីសន្ធរនេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានជម្រាបប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ជានិច្ចចំពោះផលប៉ះពាល់ របស់បងប្អូនប្រជាពលរដ្ឋ ដោយសារជំនន់ទឹកទន្លេមេគង្គ នាពេលកន្លងមក ហើយបានក្រើនរំលឹកដាស់តឿនដល់ គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាកសិករ ដើម្បីដាំដុះបន្តក្រោយទឹកបានស្រកចុះ។ បន្ថែមពីលើនោះ សម្តេចទាំងពីរ សម្តែងការសោកស្តាយ ជាមួយប្រជាពលរដ្ឋផងដែរ ចំពោះផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកទន្លេមេគង្គនេះ ពេលកន្លងមក។

ក្រៅពីការក្រើនរំលឹកឲ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋហើយនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហា បណ្តាលមកពីគ្រោះទឹកជំនន់បានល្អប្រសើរ៕

Loading...