លោក គួច ចំរើន៖ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដែលបានប្រែក្លាយពីខេត្តទេសចរណ៍ មកជាខេត្តពាណិជ្ជកម្ម

October 10, 2019 49

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណងតាមរយៈការប្រែក្លាយពីខេត្តទេសចរណ៍ មកជាខេត្តពាណិជ្ជកម្ម ទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ និងផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៨ម៉ឺននាក់។

ក្នុងឱកាស ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន នៅថ្ងៃទី៩ តុលា លោក គួច ចំរើន បានជំរាបជូនពីការរីកចម្រើនរបស់ខេត្ត ស្របតាមនយោបាយផ្លូវមួយ ខ្សែក្រវាត់១ របស់លោកប្រធានាធិបតីចិន ស៊ី ជីងពីង និងគោលនយោបាយចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តព្រះសីហនុ មានការរីកលូតលាស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងជម្រុញការអភិវឌ្ឍទាក់ទាញវិនិយោគទុន ធ្វើឱ្យខេត្តទទួលបានវិនិយោគិន យ៉ាងច្រើនរយៈពេល ២ឆ្នាំនេះ ពិសេសអ្នកវិនិយោគចិន។

លោកអភិបាលខេត្តបញ្ជាក់ថា «រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ធ្វើឱ្យខេត្តមានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្មមានតំបន់ សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុងត្រៀមដំណើការ ទាក់ទាញក្រុមហ៊ុន ប្រមាណជា៣០០ មកវិនិយោគ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៨០.០០០នាក់»។

លោកអភិបាលខេត្តបន្ថែមថា ទន្ទឹមការរីកចំរើន បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយកំពុងប្រឈមផងដែរ ។ លោកថា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួង ស្ថាប័ន ចុះមកជួយកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុ នៅរដូវប្រាំងខាងមុខ នឹងចាប់ផ្តើមដំណើរការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាច្រើនខ្សែ ដើម្បីបំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគ៕

Loading...