សម្ដេចតេជោ៖ ប្រជារាស្ត្រទូទាំងប្រទេស ចងចាំគ្មានថ្ងៃភ្លេច ចំពោះស្នាព្រះហស្ថ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យជាតិ ពីបារាំង

October 15, 2019 110

ភ្នំពេញ ៖ ក្នុងឱកាសថ្ងៃគម្រប់ខួប ៧ឆ្នាំគត់ដែលព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គបានយាងសោយទីវង្គត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំងប្រទេសចងចាំ គ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពី បារាំងនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់ រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនង ហ្វេសប៊ុកថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ គឺជាថ្ងៃគម្រប់ខួប ៧ឆ្នាំគត់ដែល សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានយាងសោយទីវង្គត។

សម្ដេចបញ្ជាក់ថា «ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំង ប្រទេសនៅចងចាំចំពោះ ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំ គ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពី បារាំងនៅ ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់ រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ»។

សម្ដេចបន្ថែមថា ទូលព្រះបង្គំ សូមសម្តែងនូវការគោរព ដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាចំពោះជាតិ ទន្ទឹមនឹងនេះ ទូលព្រះបង្គំប្តេជ្ញាបន្តដង្ហែ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គដើម្បីផ្តល់ សុខសន្តិភាពជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ ដ៏ត្រជាក់សម្រាប់ប្រទេសជាតិទាំងមូល។

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែ សុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍៕

Loading...