អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំអំណោយចែកជូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ច្បារអំពៅ១

October 15, 2019 39

ភ្នំពេញ ៖ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៩ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់ច្បារអំពៅទី១។

ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះ លោក ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរ ចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុសាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។

លោកអភិបាលខណ្ឌ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។ លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារយើង មានជីវភាព កាន់តែប្រសើរឡើង៕

Loading...