ចាប់វាយខ្នោះជនសង្ស័យ៨នាក់ ករណីជួញដូរគ្រឿងញៀន និងដកហូតថ្នាំញៀន ចំនួន១១កញ្ចប់

October 19, 2019 74

កណ្ដាល ៖ នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកណ្ដាលស្ទឹង ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៨នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ នៅវេលាម៉ោង៤និងនិង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ទី១-ឈ្មោះ ជីម ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំ, ទី២-ឈ្មោះ សឿន ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ។ ជនសង្ស័យទាំងពីរ មានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង, ទី៣-ឈ្មោះ អួន សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ បិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង,ទី៤-ឈ្មោះ ខុម ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង, ទី៥-ឈ្មោះ ដា វណ្ណដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ តោតម៉ា ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង, ទី៦-ឈ្មោះ យូ ចាន់ដារ៉ា (ហៅ តាល់) ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធស្រុក កណ្ដាលស្ទឹង, ទី៧-ឈ្មោះ អិន ថាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង និង៨-ឈ្មោះ ធី វត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន ចំនួន១១កញ្ចប់, ម៉ូតូ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២, ទូរស័ព្ទដៃ៤គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

ប្រភពដដែលបន្ដថា មុននឹងឈាន់ដល់ធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅមុនពេលកើតហេតុ កម្លាំងនគរបាលស្រុកផ្នែកប្រឆាំងគ្រឿងញៀន ទទួលបានព័ត៌មានច្បាស់ការថា មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិកើតហេតុ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញស្រុក បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រះពុទ្ធ បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន៥កញ្ចប់ ដែលជនសង្ស័យលាក់ទុកនៅក្រោមកែបម៉ូតូ ដោយមានការសង្ស័យ សមត្ថកិច្ចជំនាញ បានបន្តធ្វើការឆែកឆេរនៅផ្ទះជនសង្ស័យឈ្មោះ ជីម ភារម្យ រហូតឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់ទៀត រួមទាំងវត្ថតាងថ្នាំញៀនចំនួន៣កញ្ចប់ (WYមួយចំហៀងគ្រាប់) និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជីម ភារម្យ បានសារភាពថា ថ្នាំញៀនចំនួន៨កញ្ចប់នេះ ជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីឈ្មោះ ថាន់ នៅលើទំនប់ ស្ថិតក្នុងភូមិឆ្មាពួន ស្រុកកណ្ដាលស្ទឹង ក្នុងតំលៃ៣៥០,០០០រៀល។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ជីម ភារម្យរួច ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញារងអមសាលាដំបួងផងនោះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកដោយលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងប៉ុស្ត៍នគរបាលរដ្ឋបាលព្រះពុទ្ធ បានចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត ឈ្មោះ អិន ថាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង និងម្នាក់ទៀតឈ្មោះ ធី វត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់បន្ថែមទៀត រួមទាំងជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ,ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ៨នាក់ខាងលើ ត្រូងវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

Loading...