ហួសចិត្ត! មុនចូលម៉ាស្សាមានលុយពិត ពេលចេញមកវិញ បានលុយក្លែងក្លាយ...

October 22, 2019 354

ភ្នំពេញ ៖ បុរសម្នាក់ បានចូលទៅម៉ាស្សាកោសជប់ ស្រាប់តែចេញមកវិញ ចោទនារីម៉ាស្សាថា បន្លំដូរលុយដុល្លារក្លែងក្លាយអស់ចំនួន២០០ដុល្លារ។ ហេតុកហេតុការណ៍នេះ បានកើតឡើងកាលពីវេលា១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងផ្ទះម៉ាស្សាដែលមានយីហោ ៧៧៧៧ ម៉ាស្សាកោសជប់ ជិតស្ពានអាកាសស្ទឹងមានជ័យ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសត្រូវគេបន្លំដូរលុយមានឈ្មោះ សេក សោម អាយុ៣៧ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ចំណែកនារីម៉ាស្សាដែលត្រូវគេចោទថាបន្លំដូរលុយគេនោះ សុំមិនបញ្ចេញឈ្មោះ។

តាមសម្ដីខាងបុរសដែលត្រូវបានគេដូចលុយក្លែងក្លាយ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់មានលុយចំនួន៥០០ដុល្លារ សុទ្ធតែក្រដាស១០០ដុល្លារ និងលុយខ្មែរមួយចំនួន បានចូលទៅម៉ាស្សាកោសជប់នៅហាងខាងលើ លុះពេលនោះដែរ រូបគាត់ត្រូវបាននារីម្នាក់ឱ្យរូបគាត់ដោះខោអាវចេញ និងឱ្យរូបគាត់ផ្កាប់មុខ ដើម្បីជប់ខ្យល់ លុះពេលរូបគាត់កំពុងតែផ្កាប់មុខនារីជាដៃគូរបស់គាត់បានស្រែកហៅនារីម្នាក់ទៀតឱ្យយកកែវជប់មកបន្ថែម ហើយនៅពេលដែលនារីម្នាក់ទៀត បានចូលមករូបគាត់មិនបានចាប់អារម្មណ៍នោះទេ លុះមួយសន្ទុះក្រោយមក រូបគាត់មានការសង្ស័យក៏ទាញខោ រួចឆែកមើលកាបូបលុយ ក៏ស្រាប់តែឃើញលុយក្លែងក្លាយចំនួន២០០ដុល្លារនៅក្នុងកាបូបរបស់គាត់ ទើបរូបគាត់ដឹងថា មានគេលួចដូរលុយរបស់គាត់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន និងសមត្ថកិច្ចចុះទៅសាកសួរតែម្ដង។ ដោយឡែក នារីជាដៃគូរបស់គាត់បានបដិសេធ និងហ៊ានស្បថថា មិនបានលួចដូរលុយរបស់ភ្ញៀវនោះទេ ហើយហាងខាងលើ ទឹមតែបើកបានតែ១ថ្ងៃនេះទេ ក៏ត្រូវមានបញ្ហាតែម្ដង។

ក្រោយពេលកើតហេតុ ដោយសារតែមានការប្រកែកចោទគ្នាទៅវិញទៅមក ភាគីទាំងសង្ខាងត្រូវសមត្ថកិច្ចហៅទៅធ្វើការសាកសួរ និងសម្របសម្រួលនៅប៉ុស្តិ៍នគរបាលបឹងសាឡាង ដោយខាងបុរសសុំឱ្យសមត្ថកិច្ចធ្វើការអប់រំ កុំឱ្យទីតាំងខាងលើ ធ្វើរបៀបនេះជាបន្តទៀត៕

Loading...