អធិការខណ្ឌសែនសុខ៖ សូមបងប្អូនមានការប្រុងប្រយ័ត្ន ពេលចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ព្រោះជនល្មើសប្រើរូបភាពថ្មី ធ្វើជាអ្នករត់តាក់ស៊ី ដឹងភ្ញៀវមកកន្លែងស្ងាត់ ប្រាប់បក្ខពួកមកធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះ

October 29, 2019 317

ភ្នំពេញ ៖ លោក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានផ្ញើសារលើ Facebook ផ្លូវការ ក្នុងគោលបំណងជួយផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបានដឹង ត្រូវប្រុងប្រយ័ត្ន នូវល្បិចជនទុច្ចរិតមានរូបភាពប្រព្រឹត្តបទល្មើសប្លែកៗបំផុត ងាយ​ឱ្យយើងរងគ្រោះ គ្រោះថ្នាក់។ ក្នុងនោះដែរ លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នពេលដែលចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ជនល្មើសបានប្រើរូបភាពថ្មី ធ្វើជាអ្នករត់តាក់ស៊ី ដឹកភ្ញៀវ តែមកកន្លែងស្ងាត់ ប្រាប់បក្ខពួករបស់គេចេញមកធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះ។

លោកបន្តថា ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង៥០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (គ្រៀកលូកយកលុយ) នៅចំណុចតាមផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អុរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ៣នាក់ (គេចខ្លួន២នាក់ ឈ្មោះ ធី វ់ាន់ និងឈ្មោះ វុធ)។ ឃាត់ជនសង្ស័យ ១នាក់ ឈ្មោះ សឿន ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានគ្រៀកលូកយុកលុយ របស់ជនរងគ្រោះឈ្មោះ WANG JIAGI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ ផ្លូវមិន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូញពេញ កាន់លិខិតឆ្លងដែនលេខ EC8024965។

សម្ភារៈបាត់បង់៖ លុយដុល្លា៥៥៣២ដុល្លារ, លុយខ្មែរ១៥០.០០០រៀល, ទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូនXR។ សម្ភារៈដកហូត៖ រថយន្ត១គ្រឿង ម៉ាក TOYOTA camry ពណ៌ទឹកមាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-3510, លុយដុល្លារ ១៦៦៨ដុល្លារ និងលុយខ្មែរ ១៥០.០០០រៀល។

លោកអធិការបន្តថា បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Loading...