បងប្អូនមាននៅចាំ​ស្ត្រី​ម្នាក់នេះបានទេ ​ករណីចាក់​សម្លាប់​ប្រុស​ស្នេហ៍​ប្លន់​ទ្រព្យសម្បត្តិ​ នៅខេត្ត​កណ្ដាល ដើម្បីយកបា្រក់លោះ​ប្តី​ចេញ​ពី​គុក​ ត្រូវតុលាការ​​ ផ្តន្ទា​ទោស​ដែលដាក់​ពន្ធនាគារ​៣០ឆ្នាំ​

July 05, 2018 794

កណ្ដាល​៖​ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨​នេះ លោក​សាយ​ សម្ផស្ស​សេរី​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​កណ្ដាល​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​៣០ឆ្នាំ​ ពី​បទ​ឃាតកម្ម​ ចាក់​សម្លាប់​ប្រុស​ស្នេហ៍​ប្លន់​ទ្រព្យសម្បត្តិ​ដើម្បី​លោះ​ប្តី​ចេញ​ពី​ពន្ធនាគារ​ ។

ជនជាប់ចោទឈ្មោះ ផេង ណាន ហៅណា អាយុ៣៣ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ​ឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងកោសជប់ម៉ាស្សាមួយ​កន្លែងផង ជាមន្ត្រីយោធានៅអង្គភាពកងពលតូច ទ័ពពិសេសឆត្រយោង៩១១ផង និងក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំពោះមុខ​សមត្ថកិច្ច ស្ត្រីជនសង្ស័យឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទមកបបួលនាងទៅរួមភេទ ស្របពេលនោះដោយសារតែនាងកំពុងត្រូវការលុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តីដែលកំពុងជាប់ពន្ធនាគារព្រៃសផង ណាមួយ ឃើញជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើន ក៏មានគំនិត​ចង់សម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិនោះតែម្តង ។

ស្ត្រីសង្ស័យបានឆ្លើយសារភាពទៀតថា ពេលនោះនាងបានទារតម្លៃខ្លួនក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឱ្យតែ២០ដុល្លារប៉ុណ្ណោះ ហើយនាងក៏យល់ព្រមទៅជាមួយ ដោយបានរៀបចំគម្រោងទុកជាមុន និងបានយកកូនកាំបិត​ចុងស្រួចលាក់ទុកក្នុងកាបូបរួចជាស្រេច ។

លុះមកដល់វេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានទូរស័ព្ទដើម្បីណាត់គ្នារកកន្លែងរួមភេទ រហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ទើបជនរងគ្រោះបានជិះម៉ូតូមកទទួលនាងនៅចំណុចមុខ​ច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីទៅចូលដេកផ្ទះសំណាក់កើតហេតុ ដែលមានចម្ងាយប្រហែលកន្លះគីឡូម៉ែត្រប៉ុណ្ណេះពីកន្លែងដែលជនរងគ្រោះមកទទួលនាង ។

ស្ត្រីសង្ស័យជាឃាតករ បានសារភាពបន្ថែមថា ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតឱកាសនោះ នាងបានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេករួចជាស្រេច លុះពេលជនរងគ្រោះចេញមកវិញ នាងក៏ចាប់ផ្តើម រួមភេទជាមួយគ្នា ហើយនាងក៏ទាមទារនៅពីលើ លុះមានឱកាស​នាងក៏ទាញកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរមៀលធ្លាក់ពីលើគ្រែ ទើបនាងស្ទុះទៅចាក់បន្ថែមសរុបចំនួន១៧កាំបិត បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ក្រោយសម្លាប់ជនរងគ្រោះហើយ នាងបានចូលទៅងូតទឹកសម្អាតខ្លួនរួច ទើបប្រមូលយក​គ្រឿងអលង្ការ លុយ ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដោយបានយកម៉ូតូទៅលក់ នៅហាងបញ្ចាំមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១៤៥០ដុល្លារ​ ៕

Loading...