កិច្ចព្រមព្រៀងតម្លៃ២ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងរុស្ស៊ី កំពុងប្រឈមមុខទណ្ឌកម្មដោយអាមេរិក

November 20, 2019 346

ឌូបៃ ៖ មន្ត្រីរបស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ម្សិលមិញ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើម ដាក់ទណ្ឌកម្មទៅលើប្រទេសអេហ្ស៊ីប និងរារាំងមិនឲ្យមានការ លក់ដូរសំភារៈយោធានាពេលអនាគត ប្រសិនបើរដ្ឋាភិបាលក្រុងគែរ នៅតែបន្ត ការទិញយន្តហោះចម្បាំងរបស់រុស្ស៊ី។

រំលឹកដែរថា ប្រទេសអេហ្ស៊ីបកាលពីដើមឆ្នាំនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានទំហំរហូតទៅដល់ ២ពាន់លានដុល្លារ ជាមួយប្រទេសរុស្ស៊ី ដើម្បីទិញយន្តហោះចម្បាំង Su-35 ចំនួនជាង ២០ គ្រឿង ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុងគែរ ហាក់មិនបានខ្វាយខ្វល់ ទៅនឹងព័ត៌មានទាំងនេះឡើយ តាំងតែពីពេលចាប់ផ្តើម ហើយជឿជាក់ថា ក៏មិនមែនជាអ្វីដែលថ្មីឡើយសម្រាប់ខ្លួន។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលអេហ្ស៊ីប ហាក់មិនទាន់មានមតិយោបល់បែបណា ចំពោះករណីនេះដែរ ខណៈដែលគ្រប់គ្នាបានដឹងមកហើយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលរដ្ឋាភិបាលអាមេរិក បានផ្តល់ជំនួយរាប់ពាន់ដុល្លារ ទៅឲ្យអេហ្ស៊ីប ទាំងផ្នែកសេដ្ឋកិច្ចនិងយោធា និងក៏មានឈ្មោះ ជាសម្ព័ន្ធមិត្តដ៏ស្និទ្ធស្នាលផងដែរ ជាពិសេសការបញ្ជាទិញ យន្តហោះចម្បាំងអាមេរិក F-16 នាពេលកន្លងមកផងនោះ៕

Loading...