នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ខ្ចីរថយន្តយកទៅបញ្ចាំ

November 29, 2019 222

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត (ខ្ចីរថយន្តយកទៅបញ្ចាំ) នៅចំណុចម្តុំផ្សារក្រមួន ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង០៥និង០០នាទី។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទី ជនសង្ស័យមានឈ្មោះ រ៉ាត់ បូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិថូវ ឃុំត្រប់ ស្រុកបាយធាយ ខេត្តកពង់ចាម។ សមត្ថកិច្ចបានឃាត់ខ្លួននៅម្តុំផ្លូវបេតុង ផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានប្រើល្បិចខ្ចីរថយន្តពីជនរងគ្រោះឈ្មោះ អ៊ុប ស្រីពៅ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលំ ភូមិទ្រាំង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយមកជនសង្ស័យបានយករថយន្តរបស់ជនរងគ្រោះទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានឃើញជនសង្ស័យនៅចំណុចម្តុំផ្សារក្រមួន ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏នាំខ្លួនយកមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីតែម្តង។ សម្ភារៈបាត់បង់៖ រថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2S-1127។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Loading...