ប្រធានាធិបតីហ្វីលីពីន ចង់ប្រគល់តំណែងមេប៉ូលិសជាតិ ដល់មន្រ្តីរូបណាដែលអាចសម្លាប់ស្តេចគ្រឿងញៀន បានទាំងអស់

December 04, 2019 250

ម៉ានីល ៖ លោក ឌូទ័រតេ ប្រធានាធិបតីហ្វីលីពីន ចង់បាន «កិច្ចព្រមព្រៀងដែលល្អប្រសើរ» ក្នុងការជ្រើសរើសប្រធានប៉ូលិសជាតិហ្វីលីពីន (PNP) ដោយលោកនិយាយថា ប៉ូលិសកំពូលបន្ទាប់ គួរតែមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការសម្លាប់មេគ្រឿងញៀនទាំងអស់។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ខណៈលោក ឌូទ័រតេ គិតថា បេក្ខជនទាំងអស់ ក្នុងតំណែងជាមេប៉ូលីសជាតិ មានកម្លាំង ១៩០,០០០ នាក់ គឺល្អហើយ តែលោក បានសារភាពថា លោកមានការលំបាកក្នុងការជ្រើសរើស។

លោកបានប្រាប់សារព័ត៌មាន GMA News នៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីម្សិលមិញថា «ខ្ញុំមានការលំបាកជាមួយប៉ូលិស។ ខ្ញុំស្រឡាញ់ប៉ូលិស ប៉ុន្តែ ខ្ញុំមានការលំបាកជាមួយមន្រ្តី។ ខ្ញុំចង់មានន័យថា ពួកគេល្អទាំងអស់ ប៉ុន្តែខ្ញុំចង់បានការប្រសើរជាងនេះ។ វាមិនគ្រប់គ្រាន់ទេដែលអ្នកណែនាំឱ្យខ្ញុំ។ ប្រសិនបើអ្នកប្រាប់ខ្ញុំថា លោក, ប្រសិនបើលោកអ្នកជ្រើសរើសខ្ញុំ ស្តេចគ្រឿងញៀនទាំងអស់ នឹងត្រូវសម្លាប់ ពេលនោះតំណែងនេះ នឹងបានទៅលើអ្នក ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្តល់ការធានាដល់ខ្ញុំទេ សូមបំភ្លេចវាចោលទៅ»។

សូមជម្រាបថា លោក Oscar Albayalde អតីតមេប៉ូលីសជាតិហ្វីលីពីន បានលាឈប់ពីតំណែងកាលពីថ្ងៃទី ១៤ ខែតុលា ដោយសារជាប់ចោទពីបទថា បានធ្វើអន្តរាគមន៍ ក្នុងករណីអតីតមន្ត្រីក្រោមឱវាទ ហៅថា “ប៉ូលិសនីនចា” ដែលជាប់ពាក់ព័ន្ធនឹងការលក់គ្រឿងញៀន ដែលរឹបអូសបាននៅក្នុងការវាយឆ្មក់នៅ Pampanga ក្នុងឆ្នាំ២០១៣៕

Loading...