លោក ដូណាល់ ត្រាំ និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ប្តេជ្ញាសហការគ្នា ក្រោយមានការវាយប្រហារមូលដ្ឋានយោធា​ នៅផ្លរីដា

December 10, 2019 114

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បាននិយាយជាមួយព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammad Bin Salman ស្តីពីការវាយប្រហារនៅ មូលដ្ឋានទ័ពជើងទឹកមួយ ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃសុក្រ ដែលទីភ្នាក់ងារស៊ើបអង្កេត FBI កំពុងតែធ្វើការស៊ើបអង្កេត ដោយសន្មតថា ជាការវាយប្រហារភេរវកម្ម។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា សេតវិមានបាននិយាយថា មេដឹកនាំទាំងពីររូប នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះថា នឹងធ្វើការងាររួមគ្នា ដើម្បីទប់ស្កាត់មិនឲ្យមានការវាយប្រហារបែបនេះ នៅពេលអនាគត។

ក្រៅពីនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ដែលជួយក្នុងដំណើរ ស៊ើបអង្កេតរបស់អាមេរិក ស្តីពីការបាញ់ប្រហារគ្នា នៅស្ថានីយដែនអាកាសរបស់ទ័ពជើងទឹក Pensacola ដែលមានចម្ងាយប្រហែល១៧០ម៉ាយ ខាងលិចទីក្រុងតាល់ឡាហាស៊ី ជិតព្រំដែនរដ្ឋផ្លរីដាជាប់រដ្ឋអាឡាបាម៉ា៕

Loading...