បាញ់ប្រហារនៅសហរដ្ឋអាមេរិក គ្មានថ្ងៃបញ្ចប់ឡើយ គឺកើនឡើងជាបន្តបន្ទាប់ មានជាង៣៦០ករណី ក្នុងឆ្នាំ២០១៩

December 23, 2019 298

ទីក្រុងជីកាហ្គោ ៖ នៅក្នុងឆ្នាំ២០១៩នេះ មានការបាញ់ប្រហារនៅលើទឹកដីអាមេរិក រហូតដល់ជាង៣៦០ករណី បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស ជិត២០០នាក់។ បើតាមតួលេខគិតត្រឹមខែសីហា ឆ្នាំ២០១៩ គឺ៨ខែ ដើមឆ្នាំ២០១៩ មានករណីបាញ់ប្រហារ២៤៨លើក ស្លាប់មនុស្ស២៤៦នាក់ និងរបួស៩៧៩នាក់។ គិតជាមធ្យមមានការបាញ់ប្រហារកើតឡើងលើសពីមួយករណីក្នុងមួយថ្ងៃ។

កាលពីថ្ងៃទី២២ ខែធ្នូ មានករណីបាញ់ប្រហារកើតឡើងនៅនៅទីក្រុងជីកាហ្គោ សហរដ្ឋអាមេរិក បណ្តាលឲ្យមានមនុស្ស ១៣នាក់ រងរបួស។ ភាគច្រើនជនរងគ្រោះមានអាយុចាប់ពី ១៦-៤៨ឆ្នាំ ក្នុងនោះមានមនុស្ស ៤នាក់ ស្ថិតនៅក្នុងសភាពធ្ងន់សង្គ្រោះបន្ទាន់។

ប៉ូលិសទីក្រុងជីកាហ្គោ បានឲ្យដឹងថា ករណីបាញ់ប្រហារខាងលើកើតឡើង ដោយសារឈ្លោះប្រកែកគ្នា នៅក្នុងពិធីជប់លៀងរំលឹកខួបដល់អ្នកដែលបានស្លាប់ទៅ។ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនមនុស្សពីរនាក់ដើម្បីសួរនាំ និងម្នាក់ទៀតប្រដាប់ដោយអាវុធត្រូវបានចាប់ខ្លួន។ ប៉ូលិសក៏ដកហូតបានកាំភ្លើងស្វ័យប្រវត្តិមួយដើមផងដែរ។

រយៈពេលចុងក្រោយនេះ ទីក្រុងជីកាហ្គោ ប្រឈមនឹងការបាញ់ប្រហារជាច្រើនករណី ។ បើគិតទូទាំងឆ្នាំ ២០១៩ ទីក្រុងជីកាហ្គោ មានករណីបាញ់ប្រហារខ្ពស់ជាង ទីក្រុង ញូវយ៉កនិងឡូសអែនជឺឡែស។

ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើជារៀងរាល់ថ្ងៃ ដោយសារតែពលរដ្ឋអាមេរិក មានសិទ្ធិប្រើប្រាស់កាំភ្លើង ហើយការបាញ់ប្រហារភាគច្រើនកើតចេញពី វិវាទបុគ្គល គំនុំឬក៏ កន្លែងធ្វើការ។ អ្វីដែលធ្វើឲ្យពលរដ្ឋអាមេរិក បារម្ភជាងនេះនោះគឺបាញ់ប្រហារនៅទីតាំងសាធារណៈ ដូចជាសាលារៀន ព្រះវិហារជាដើម បណ្តាលឲ្យមានអ្នកស្លាប់ច្រើន៕

Loading...