ហ្វីលីពីន ហាមឃាត់ព្រឹទ្ធសភាអាមេរិក២រូប និងពិចារណាច្បាប់ទិដ្ឋាការថ្មី សម្រាប់ជនជាតិអាមេរិក

December 28, 2019 129

ម៉ានីល ៖ មន្ត្រីនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បានហាមឃាត់មិនឲ្យសមាជិកព្រឹទ្ធសភាអាមេរិកពីររូប ធ្វើទស្សនកិច្ច ហើយនឹងចេញនូវការរឹតបន្តឹងកាន់តែខ្លាំងឡើង ចំពោះពលរដ្ឋសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន អនុវត្តន៍ទណ្ឌកម្មជុំវិញការឃុំខ្លួន អ្នករិះគន់រដ្ឋាភិបាលដ៏ល្បីមួយរូប។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ តាមសេចក្តីរាយការណ៍ នឹងដាក់ការតម្រូវដ៏ចាំបាច់មួយ លើពលរដ្ឋអាមេរិក ក្នុងការទទួលបានទិដ្ឋាការ ប្រសិនបើមន្ត្រីហ្វីលីពីនណាមួយ ដែលជាប់ពាក់ព័ន្ធ ក្នុងការឃុំខ្លួនសមាជិកព្រឹទ្ធសភា លោកស្រី Leila de Lima ត្រូវបានបដិសេធ មិនឲ្យចូលទៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការធ្វើឡើងបែបនេះ របស់លោក ឌូតឺតេ គឺត្រូវបានធ្វើឡើង បន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាឆ្នាំ២០២០ ដែលមានបទបញ្ញត្តិចេញដោយព្រឹទ្ធសភា ប្រឆាំងទៅនឹងអ្នកណាម្នាក់ ដែលពាក់ព័ន្ធ ក្នុងការចាប់ខ្លួនលោកស្រី de Lima ដោយត្រូវគេចោទប្រកាន់ ពីបទល្មើសគ្រឿងញៀន កាលពីដើមឆ្នាំ២០១៧ បន្ទាប់ពីលោកស្រី បានដឹកនាំធ្វើការស៊ើបអង្កេត ទៅលើការសម្លាប់រង្គាល់ នៅក្នុងអំឡុង យុទ្ធនាការបង្ក្រាបគ្រឿងញៀន ដ៏កក្រើករបស់លោកឌូតឺតេ៕

Loading...