នាយករដ្ឋមន្រ្តីថៃ បញ្ជាឱ្យពិនិត្យឡើងវិញ នូវវិធានការសន្តិសុខនៅឯមូលដ្ឋានទ័ពរបស់យោធា បន្ទាប់ពីការបាញ់ប្រហារ នៅទីក្រុង Nakhon Ratchasima

February 10, 2020 67

ថៃ ៖ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារយ៉ាងកំរោល នៅទីក្រុង Nakhon Ratchasima ដែលបណ្តាលឱ្យមនុស្ស៣០នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើងផងដែរ និងមនុស្ស ៥៧នាក់ផ្សេងទៀត រងរបួស លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យពិនិត្យឡើងវិញ នូវវិធានការសន្តិសុខនៅឯមូលដ្ឋានទ័ពរបស់យោធា។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានថ្លែងបន្ទាប់ពីការធ្វើសន្និសិទការបាញ់ប្រហារកាល ពីចុងសប្តាហ៍ថា “អ្វីដែលខ្ញុំអាចនិយាយបាន គឺប្រសិនបើយើងបានអនុវត្តតាមនីតិវិធីសន្តិសុខស្តង់ដារ នោះយើងនឹងអាចកាត់បន្ថយកំរិត នៃអំពើហិង្សាក្នុងឧប្បត្តិហេតុនេះបានហើយ”។​​

លោកបន្តថា ទោះបីយើងទទូចថា យើងបានអនុវត្តតាមនីតិវិធីសន្តិសុខត្រឹមត្រូវក៏ដោយ ក៏មានសំណួរនៅតែថា តើយើងអាចធ្វើ អ្វីទៀតដើម្បីពង្រឹងប្រសិទ្ធ ភាពនៃវិធានការសន្តិសុខ?

ឧទាហរណ៍ គឺលោកឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា អាវុធទាំងនោះត្រូវបានខ្មាន់កាំភ្លើងយក បន្ទាប់ពីគាត់បានបាញ់សំលាប់មន្រ្តីយាមឃ្លាំងអាវុធនោះ ដែលជាមូលហេតុនៃការព្រួយបារម្ភ៕

Loading...