ប្រធាន WHO៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នៅប្រទេសនានាក្រៅពីចិន «អាចមានច្រើនជាងតួលេខផ្លូវការ»

February 10, 2020 196

ហ្សឺណែវ ៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានព្រមានថា ការឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅក្រៅប្រទេសចិនទំនងជាអាចមានចំនួនច្រើន លើសតួលេខផ្លូវការ ព្រោះតែការមិនទាន់រកឃើញ។

យោងតាមសារដែលលោក Ghebreyesus បានសរសេរនៅលើបណ្តាញសង្គម Twitter លោកកំពុងតែព្រួយបារម្ភ ចំពោះការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលពុំធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសចិន ពោលគឺករណីឆ្លងក្នុងស្រុកផ្ទាល់ នៅតាមប្រទេសដែលមានករណីវីរុសកូរ៉ូណាថ្មី 2019-nCoV។ បើតាមលោកប្រធានអង្គការសុខភាពពិភពលោក ការរកឃើញករណីបែបនេះ ទោះមានចំនួនទាបក្តី ក៏វាអាចមានន័យថា ការឆ្លងវីរុសនៅក្រៅប្រទេសចិន តាមពិតអាចរាលដាលច្រើនជាងការរកឃើញ។

គួរជម្រាបថា នៅក្រៅប្រទេសចិន ករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង ៣៥០ករណី ត្រូវបានរាយការណ៍នៅតាមប្រទេសជិត ៣០ទៀតជុំវិញពិភពលោក ហើយមានករណីស្លាប់ម្នាក់នៅហ្វីលីពីន។ ករណីវីរុសនៅតាមប្រទេសទាំងនោះ ភាគច្រើនគឺជាករណីប្រជាជនចិន ឬអ្នកធ្វើដំណើរពីចិន ជាពិសេសពីទីក្រុង វូហាន (Wuhan) និងខេត្ត ហ៊ូប៉ី (Hubei) ប៉ុន្តែក៏មានករណីឆ្លងគ្នា នៅក្នុងប្រទេសទាំងនោះផ្ទាល់ផងដែរ។

តាមរយៈសម្តីរបស់ លោក Ghebreyesus ខាងលើ លោកចង់មានន័យថា តួលេខដែលយើងកំពុងមើលឃើញ ប្រហែលគ្រាន់តែមួយចំណែកតូច នៃការឆ្លងរាលដាលពិតប្រាកដ នៅក្នុងប្រទេសទាំងអស់នោះប៉ុណ្ណោះ ហេតុដូច្នេះការពិនិត្យ និងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី គួរតែត្រូវបានបង្កើនឲ្យខ្លាំងក្លា ជាងនេះទៅទៀត៕

Loading...