មន្ទីរកសិកម្មខេត្តមណ្ឌលគិរី​ អនុញ្ញាតច្បាប់ឲ្យមានសិប្បកម្ម កែច្នៃឈើប្រណីតរាប់រយកន្លែង រីឯឈើដឹកយកផ្គត់ផ្គង់រោងសិប្បកម្មទាំងនោះ ជញ្ជូនចេញពីព្រៃការពារស្រែពក

February 24, 2020 171

មណ្ឌលគិរី ៖ ចែ រឿន ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណីតមួយកន្លែង នៅតំបន់ស្រែពក ក្បែរតំបន់អភិរក្សស្រែពក បានអះអាងថា នៅតំបន់របស់គាត់ មានរោងសិប្បកម្មកែច្នៃឈើប្រណីតមិនតិច ជាង៣០កន្លែងនោះទេ។ រីឯឈើដែលដឹកយកផ្គត់ផ្គង់រោងសិប្បកម្មទាំងនោះ បានជញ្ជូនចេញពីព្រៃការពារស្រែពកនោះផ្ទាល់តែម្តង។

ប្រភពពី ចែ រឿន បានបន្ថែមថា រោងសិប្បកម្មត្រូវបានចេញច្បាប់ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប៉ុន្តែស្ថាប័ននេះមិនដឹងថា តើម្ចាស់សិប្បកម្ម បានឈើមកពីដើម្បីផ្គត់ផ្គង់ទីកន្លែងរបស់ខ្លួននោះទេ។

បើតាម ចែ រឿន ឈើត្រូវបានអូសចេញពីតំបន់ព្រែការពារស្រែពក របស់លោក ប៉ែត ភត្រា ដែលម្ចាស់សិប្បកម្ម ត្រូវទូទាត់ប្រាក់ប្រចាំខែជូនលោកនាយកដែនជម្រកសត្វព្រៃស្រែពក ប៉ុន្តែ រោងសិប្បកម្មទាំងនោះ មិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃនោះទេ គឺគ្រាន់តែនៅក្បែរៗតែប៉ុណ្ណោះ។ ដូច្នេះ បើគេចងស្តីបន្ទោសទៅលើនាយកដែនជម្រកសត្វព្រៃស្រែពក ក៏មិនត្រឹមត្រូវដែរ ពីព្រោះរោងសិប្បកម្មនៅក្រៅដែនជម្រកតែប៉ុណ្ណោះ។ ប៉ុន្តែការពិត ពួកម្ចាស់សិប្បកម្មទាំងអស់សុទ្ធតែបានអូសឈើចេញពីតំបន់ ព្រៃការពារស្រែពកគ្រប់ៗគ្នា។ រីឯខាងមន្ទីរកសិកម្ម គិតតែស៊ីញ៉េច្បាប់ឲ្យឈ្មួញបើក រោងសិប្បកម្មជាច្រើន ដោយមិនគិតថាម្ចាស់រោងសិប្បកម្មបានឈើមកពីណាដើម្បី ផ្គត់ផ្គង់សិប្បកម្មរបស់ខ្លួននោះទេ។

បើតាម ចែ រឿន អះអាងថា ខ្លួនបានចំណាយប្រាក់ជូននាយកដែនជម្រកសត្វព្រៃស្រែពក ក្នុងខែយ៉ាងហោចណាស់ ៣០០ដុល្លារ ដើម្បីបានឈើយកមកផ្គត់ផ្គង់ក្នុងរោង សិប្បកម្មរបស់ខ្លួន។ គាត់និយាយថា រោងសិប្បកម្មជាច្រើនកន្លែងនៅស្រែពកសុទ្ធតែ ដឹកឈើចេញពីតំបន់អភិរក្សទាំងអស់។ ចែ រឿន រអ៊ូថា ពួកមេព្រៃចេះតែចេញច្បាប់ដោយ មិនដឹងថា តើបានឈើមកពីណា ដើម្បីផ្គត់ផ្គង់សិប្បកម្មនោះទេ។ ករណីនេះគួរតែថ្នាក់ ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាក្រសួងកសិកម្ម ពិនិត្យ មើលអំពីសកម្មភាពនៃការកាប់ ឈើនៅតំបន់អភិរក្ស ក៏ដូចជាការដែលមន្ទីរកសិកម្មចេះតែអនុញ្ញាតច្បាប់ឲ្យមានរោងសិប្បកម្មរាប់សិបកន្លែងនោះផង៕

Loading...