លោក អង់ហ្គែឡូ ប័ររែលលី៖ ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅអ៉ីតាលី កើនដល់១៥២ករណី ក្នុងនោះ៣នាក់ បាត់បង់ជីវិត

February 24, 2020 35

រ៉ូម ៖ បើតាមលោក អង់ហ្គែឡូ ប័ររែលលី (Angelo Borrelli) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនមនុស្សសរុប ១៥២ករណីហើយ ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីតាលី ដោយក្នុងនោះមនុស្ស ០៣នាក់បានស្លាប់ និងម្នាក់ជាសះស្បើយ។

លោក Angelo Borrelli ជាប្រធាននាយកដ្ឋានគាំពារជនស៊ីវិល នៅក្នុងប្រទេសអ៉ីតាលី បានធ្វើការអះអាងដូចខាងលើ នៅក្នុងសន្នសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ ។ លោកបន្តថា ក្នុងចំណោមអ្នកឆ្លង COVID-19 សរុប ១៥២នាក់មាន ១១០នាក់ ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ ឡុមបាឌី (Lombardy) ស្ថិតនៅភាគខាងជើងនៃ ប្រទេសអ៉ីតាលី និង ២១នាក់នៅក្នុងតំបន់ វែណេតូ (Veneto) នៃភាគឦសាន និង ០៩នាក់ ក្នុងតំបន់ អ៊ែមីលៀ រ៉ូម៉ាញ៉ា (Emilia-Romagna) នៃភាគជើងប្រទេស។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺ COVID-19 អាជ្ញាធរអ៉ីតាលី បានសម្រេចចិត្តចាត់វិធានការរឹតបន្តឹងមួយចំនួន ក្នុងនោះរួមមានទាំងការបិទក្រុងចំនួន ១១ ដោយក្នុងចំណោមនោះក្រុងចំនួន ១០ នៅក្នុងតំបន់ Lombardy និងមួយទៀតក្នុងតំបន់ Veneto៕

Loading...