ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច បើករថយន្តបុកម៉ូតូពីក្រោយ អូសប្រហែលជាង២០ម៉ែត្រ បណ្ដាលឲ្យស្រ្តីជាម្ចាស់ម៉ូតូស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

March 04, 2020 382

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយ និងអូសជាង២០ម៉ែត្រ បណ្ដាលឲ្យស្រ្តីជាម្ចាស់ម៉ូតូស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ កើតឡើងនាវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅចំចុណផ្លូវ១៤៣ កែងនឹង៣០០ សង្កាត់អូឡាំពិក ខណ្ឌបឹងកេង។

បើតាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីវ័យប្រហែលជា៤០ឆ្នាំ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DA-1264 តាមបណ្ដោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងទៅត្បួង ស្រាប់តែមកដល់ចំណុចកើតហេតុមិនដឹងថា ស្ត្រីរូបនោះជិះម៉ូតូប៉ះជាមួយអ្វី ឬក៏បុកជាមួយអ្វីនោះទេ បណ្ដាលឲ្យគាត់ដួល ស្របពេលនោះ ក៏មានបុរសម្នាក់ បើករថយន្តម៉ាក Ranger (ហ្វតរ៉េងជើ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ រដ្ឋ 10-2-0735 មកពីក្រោយក្នុងល្បឿន ចាប់ហ្វ្រាំមិនទាន់ ជ្រុលទៅបុកស្ត្រីចំក្បាល និងអូសម៉ូតូចម្ងាយប្រហែលជា២០ម៉ែត្រ ពេលនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិកចំណែកស្ត្រីរងគ្រោះ ត្រូវរថយន្តរបស់មន្ទីរពេទ្យឯកជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈហៅពេទ្យលោកសង្ឃ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានសហការចុះជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌបឹងកេងកង ចុះមកធ្វើការវាស់វែងគល់រថយន្តនិងម៉ូតូឲ្យទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

ជនរងគ្រោះឈ្មោះ ណេត ចាន់រំដួល ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ បើកហាងកែសម្ផស្ស ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ អ្នកបើករថយន្តបង្កឈ្មោះ ឈន វឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានតួនាទីជាប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ មានអាសយដ្ឋានផ្ទះលេខ៤៨ ផ្លូវលេខ៣៦៨ សង្កាត់ទួលស្វាយព្រៃទី១។ អាសយដ្ឋានចាស់ រស់នៅផ្ទះលេខ១៩១Eo ផ្លូវ២៧៤ ភូមិ១០ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បើទោះជាសមត្ថកិច្ចមិនបញ្ជាក់ពីការបើកបរនេះ អ្នកបង្ក ឬបំពានច្បាប់ចរាចរណ៍ក៏ដោយ តែបើសិក្សាពីទិដ្ឋភាពច្បាប់ អ្នកបើកបរប្រើប្រាស់បណ្ណបើកបរ ផុតកំណត់សុពលភាពតាំងពីឆ្នាំ២០១៦មកម្លេះ បានន័យថា គាត់ប្រើបណ្ណបើកបរផុតសុពលភាព ពី៤-៥ឆ្នាំ នេះជាបទល្មើសដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។ ពិសេសគាត់ជាថ្នាក់ដឹកនាំ មានឋានៈជា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច ហរិញ្ញវត្ថុទៀតនោះ កាន់តែមានស្ថានទំងន់ក្នុងបទល្មើសចរាចរណ៍ គួរមន្ត្រីនគរបាលយុត្តិធម៍ចរាចរណ៍ចាត់វិធាននីតិវិធី៕

Loading...