ឆេះឃ្លាំងលក់គ្រឿងសង្ហារឹមយីហោ (បញ្ញា លក់គ្រឿងសង្ហារឹម) បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះជួយអន្តរាគមន៍ទាំងយប់

March 16, 2020 322

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំងលក់គ្រឿងសង្ហារឹមមួយកន្លែង ដែលមានយីហោ (បញ្ញា លក់គ្រឿងសង្ហារឹម) បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់ នៅវេលាម៉ោង២៖១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៨P ក្រុមទី៤ ភូមិដីថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សន ចាន់ណាវុធ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ លក់គ្រឿងសង្ហារឹម ដែលមានយីហោ (បញ្ញា លក់គ្រឿងសង្ហារឹម) មូលហេតុនៃការឆាបឆេះនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនី ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនដូចជា៖​ រោងដែកប្រក់ស័ង្កសីទំហំ១៤m×១៥mនិងសម្ភារៈគ្រឿងសង្ហារឹមជាច្រើន ត្រូវអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង។

សមត្ថកិច្ចបន្តឲ្យដឹងទៀតថា រថយន្តពន្លត់អគ្គីភ័យដែលយកមកធ្វើអន្តរាគមន៍មានចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥ឡាន ស្មើនឹង១០០ម៉ែត្រគូប នឹងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿង ប្រើទឹកអស់ចំនួន០១ឡាន ស្មើនឹង៦ម៉ែត្រគូប អគ្គីភ័យត្រូវបានបញ្ចប់ទៅវិញនៅត្រឹមម៉ោង០៣និង១៥នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល៕

Loading...