រដ្ឋបាលរាជធានីភ្មំពេញ ផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ​ លើវិស័យសំណង់

March 16, 2020 215

ភ្នំពេញ ៖ ដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់ និងដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងលើវិស័យសំណង់ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មិនា ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ។

ពីធីនេះធ្វើឡើងក្រោមអធិបតីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីចូលរួម ជាង៣០០នាក់ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងគឺក្នុងគោលបំណងដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈដល់មន្ត្រីរបស់យើង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

លោក ឃួង ស្រេង ក៏បានលើកឡើងថា វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ យើងមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន២៣៧កន្លែង, អគារខ្ពស់ៗចំនួន៤ជាន់ឡើងទៅមានចំនួន១២៤៧ទីតាំង, ផ្ទះសំណាក់មានចំនួន៦៣៤ទីតាំង, សណ្ឋាគារផ្កាយ៥ ចំនួន៤ទីតាំង, សណ្ឋាគារប្រណិតៗចំនួន២៦០ទីតាំង និងទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ប្រមាណប្រហែលជា៣,៤ពាន់លានដុល្លារអាមេរិក។

លោកបន្តថា ទន្ទឹមនឹងការរីកចំរើននេះ រាជធានីភ្នំពេញក៏មានបញ្ហាប្រឈមយ៉ាងខ្លាំងផងដែរ ពិសេស លើវិស័យសំណង់នេះ ព្រោះថាសំណង់កាន់តែច្រើន ទំហំកាន់តែធំ អគារកាន់តែខ្ពស់ ធ្វើឱ្យយើងកាន់តែស្មុកស្មាញ ដែលទៀមទារឱ្យយកចិត្តទុកដាក់ពង្រឹងយន្តកាលគ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ទាំងអស់​ ឱ្យបានត្រឹមត្រូវទៅតាមស្តង់ដាគុណភាព បច្ចេកទេសសាងសង់  ដើម្បីធានាភាពរឹងមាំ សោភណ្ឌភាពគុណភាពសំណង់ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ការងារដែលកើតឡើងដោយយថាហេតុ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លើកឡើងថា ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច​ បានធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍ និងមានសន្តិសុខល្អប្រសើរ។

លោក ជា សុផារ៉ា បន្តថា ច្បាប់សំណង់ដែលធ្វើការផ្សព្វផ្សាយនេះ មានចំនួន២២ជំពូក និង១១១មាត្រា ហើយគោលបំណងបង្កើតឱ្យមានការផ្សព្វផ្សាយនេះ គឺទី១- ចង់ឱ្យអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្តឱ្យបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកបទៅដោយការទទួលខុសត្រូវ។ គោលបំណងទី២- គឺការជម្រុញការលើកកំពស់ក្រមសីលធម៌វិជ្ជាជីវ របស់អ្នកវិជ្ជាជីវ និងក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់។ ទី៣- បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគគិន និងអតិថិជនគ្រប់វិស័យទាំងអស់។

លោកបន្តថា លើការងារនេះយើងបានបណ្តុះបណ្តាលរួចហើយ នៅតាមបណ្តាលខេត្ត/រាជធានីមួយចំនួន ក្នុងនោះ នៅបន្ទាយមានជ័យ, សៀមរាប, ព្រះសីហនុ, ភ្នំពេញ ខណៈខេត្តនិងរាជធានីនេះ កើតឡើងនូវសំណង់ច្រើន ហើយចំពោះការផ្សព្វផ្សាយវិញ យើងបានផ្សព្វផ្សាយរួចហើយដូចជា នៅខេត្តកំពង់ស្ពឺ, កំពង់ចាម, ខេត្តកែប និងត្បូងឃ្មុំជាដើម។

លោកបញ្ជាក់ផងដែរថា កន្លងមកនេះ នៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ មានសំណង់អត់ច្បាប់ប្រមាណ៧៥ភាគរយ ពេលនេះយើងមានច្បាប់ហើយ ដូច្នេះទេ ដើម្បីធានាប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់សំណង់នេះ លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតិគឺមិនឱ្យសាងសង់។ ច្បាប់នេះបានចែងអស់ហើយ ដោយអ្នកល្មើសនឹងមានទោសទណ្ឌថែមទៀត៕

Loading...