ក្រសួងមហាផ្ទៃផ្តល់​ ម៉ូតូ របបសាំង ​និង​លុយ១​លាន២​សែន​រៀល ក្នុង១​ត្រីមាស​ ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ទាំង១៦៤៦ឃុំ​សង្កាត់ទូទាំងប្រទេស

July 18, 2018 683

​ភ្នំពេញ​ ៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ មាន១៦៤៦ឃុំ​-សង្កាត់ទូទាំង​ប្រទេស​ បានទទួលម៉ូតូ១គ្រឿង ក្នុងមួយប៉ុស្តិ៍ ពីសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រាប់​ជាមធ្យោបាយបម្រើ​ការងារ​ថែ​រក្សាសុខ​សុវត្ថិភាព សន្តិសុខ​នៅ​ក្នុងមូលដ្ឋាន​ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ។ ក្រៅពី​របប​ម៉ូតូ ក្រសួងមហាផ្ទៃក៏បានផ្តល់​របប​ប្រេងសាំង១២០លីត្រ ក្នុង១​ត្រីមាស ព្រមទាំង​ថវិកា១២០​ម៉ឺន​រៀល ក្នុង១​ត្រីមាស ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​នីមួយៗ​ ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា ក្រសួងមហាផ្ទៃ ផ្តល់​ទោចក្រ​យានយន្ត (​ម៉ូតូ​) ចំនួន ១៦៤៦ គ្រឿង បន្ថែម​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំងប្រទេស ដោយ ១​ប៉ុស្តិ៍ ទទួលបាន ១​គ្រឿង លើ​ទោចក្រយានយន្ត ដែលមាន​ស្រាប់ចំនួន៣ គ្រឿង ដែល​បាន​ប្រគល់ជូន​ក្នុងពេល​កន្លងមក​ ។ ដូច្នេះ​បូករួម​ទាំង​ទោចក្រយានយន្ត ដែល​បាន​ផ្តល់ជូន​នៅថ្ងៃនេះ សរុប​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​នីមួយៗ ទទួលបាន​ទោចក្រ​យាន​យន្ត​​សរុប​​ចំនួន៤គ្រឿង​។​

​លោកថា ៖ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ចុងឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃសម្រេច​ឧបត្ថម្ភ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​នីមួយៗ ដោយ​ក្នុង ១​ប៉ុស្តិ៍ ទទួលបាន​ប្រេងសាំង ចំនួន ៩០ លីត្រ និង​ថវិកា ចំនួន ៩០ ម៉ឺន​រៀល ក្នុង ១​ត្រីមាស​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួងមហាផ្ទៃ បានសម្រេច​ផ្តល់​បន្ថែម​នូវ​ប្រេងឥន្ធនៈ​រហូតដល់១២០លីត្រ និង​ថវិកា១លាន២​សែន​រៀល នៅក្នុង ១​ត្រីមាស ជូន​ដល់​ប៉ុស្តិ៍​រដ្ឋបាល ទូទាំងប្រទេស​។​

ក្នុងឱកាសនោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ៖ «ជំនួយ​ជា​ម៉ូតូ ប្រេងសាំង និង​លុយ​នេះ ផ្តល់​ឲ្យ​ប៉ុស្តិ៍​ប៉ូលិស សម្រាប់​បម្រើការ​ងា​រជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​» ៕

 

Loading...