ធនាគារជាតិកម្ពុជា ណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិដោយសារកូវីដ-១៩

March 28, 2020 93

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពសារព័ត៌មាន CSN Daily ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមីនានេះ។

សេចក្តីណែនាំនេះ ក៏មានគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិបង្កដោយជំងឺកូវីដ-១៩នេះផងដែរ។

តាមរយៈសារាចរណែនាំស្តីពី «ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលរបស់វីរុសកូវីដ-១៩» ចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានណែនាំដល់គ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ ឱ្យយកចិត្តទុកដាក់ទៅលើអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងមកពីវិស័យចំនួន៤រួមមាន៖

១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ), ២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត), ៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង), ៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទូីក។

ក្នុងសារាចរនេះ ក៏បានណែនាំផងដែរថា ការរៀបចំឥណទានឡើងវិញនេះ គ្រឹះស្ថានត្រូវកំណត់ឱ្យច្បាស់ថា អតិថិជនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ មុនពេលផ្តល់ការអនុគ្រោះ។

សារាចរបានណែនាំថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជនដែលការទូទាត់សងការប្រាក់ ឬ/និងប្រាក់ដើម មិនហួសកាលកំណត់សងលើសពី៣០ថ្ងៃ (ប្រភេទឥណទានដំណើរការ) និងរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។ ឥណទានដែលទទួលបានលក្ខខណ្ឌអនុគ្រោះណាមួយដូចខាងក្រោម ត្រូវចាត់ទុកថាជា «ឥណទានរៀបចំឡើងវិញ»៖

១- ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន, ២- ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ៣- ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់, ៤- ការពន្យារឥណទានប្រតិទាន, ៥- ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ៦- ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ៧- ការលើកលែង ឬបន្ថយទ្រព្យធានា, ៨- ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង, ៩- ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី៕

Loading...