អ្នកជាសះស្បើយពីវីរុសកូរ៉ូណា នៅអ៊ីតាលី កើនឡើងដល់១២.៣៨៤នាក់ ខណៈអ្នកឆ្លងមាន៩២.៤៧២នាក់

March 30, 2020 282

រ៉ូម ៖ យោងតាមទិន្នន័យថ្មី ដែលចេញផ្សាយដោយនាយកដ្ឋានការពារជនស៊ីវិល បានឱ្យដឹងថា ជំងឺរាតត្បាតឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យមនុស្ស ១០.០២៣នាក់ស្លាប់ នៅក្នុងប្រទេសអ៊ីតាលី គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការឆ្លងសរុបកើនឡើងដល់ ៩២.៤៧២នាក់។ យ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺបានជាសះស្បើយពីជំងឺនេះ កើនឡើងដល់ចំនួន ១២.៣៨៤នាក់ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងក្នុងសន្និសីទកាសែតតាមទូរទស្សន៍ពេលយប់ លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារជនស៊ីវិល បានបញ្ជាក់ថា មានអ្នកឆ្លងមេរោគថ្មី ចំនួន៣,៦៥១នាក់ កាលពីថ្ងៃសៅរ៍ បើប្រៀបធៀបទៅនឹងថ្ងៃសុក្រ ដែលនាំឱ្យមានករណីឆ្លងនៅទូទាំងប្រទេសដល់ ៧០.០៦៥ករណី។

លោកបានបន្ថែមថា កាលពីថ្ងៃសៅរ៍ ក៏មានអ្នកជំងឺចំនួន ១,៤៣៤នាក់ បានជាសះស្បើយផងដែរ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១២ ៣៨៤នាក់។

ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ដោយសារវីរុសកាចសាហាវនេះ កាលពីថ្ងៃសៅរ៍មានចំនួន ៨៨៩នាក់ ដែលនាំឱ្យមានអ្នកស្លាប់សរុប ១០.០២៣នាក់ ចាប់តាំងពីការរាតត្បាតដំបូងបានកើតឡើងនៅតំបន់ភាគខាងជើងរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែកុម្ភៈ៕

Loading...