រដ្ឋាភិបាលថៃ មានគម្រោងផ្តល់ប្រាក់ឧបត្ថម្ភ ៥.០០០បាត សម្រាប់ពលរដ្ឋរងគ្រោះម្នាក់ អំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩

April 16, 2020 148

បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនទាន់បានបញ្ចប់ដំណាក់កាល សម្រាប់គម្រោងផ្តល់ប្រាក់ ៥.០០០បាត ដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 នោះទេ ព្រោះមូលនិធិដែលមានស្រាប់ មានរយៈពេលតែមួយខែប៉ុណ្ណោះ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ប្រាយុទ្ធ បន្តថា រដ្ឋាភិបាលចាំបាច់ត្រូវរង់ចាំការអនុវត្តច្បាប់ ដើម្បីខ្ចីប្រាក់ចំនួន ១ទ្រីលានបាត ដូច្នេះខ្លួននឹងមានថវិកាបន្ថែមទៀត ដើម្បីបម្រុងទុកសម្រាប់អ្នកដែលរងគ្រោះ។

មុននេះរដ្ឋាភិបាល បាននិយាយថា ខ្លួននឹងត្រៀមថវិកា ចំនួន ៥,០០០បាត ក្នុងមួយខែ សម្រាប់រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ដល់ប្រជាជន ៨-៩លាននាក់ ដល់និយោជិកបណ្តោះអាសន្ន និងកម្មករដែលធ្វើការដោយខ្លួនឯង ដែលរងគ្រោះដោយសារការបិទទ្វារសេដ្ឋកិច្ចជាក់ស្តែង ក្នុងការទប់ស្កាត់ការរីករាលដាលរបស់វីរុសនេះ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយនៅក្នុងសុន្ទរកថា ផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋាភិបាល កាលពីថ្ងៃពុធថា “មានគេនិយាយបំផ្លើស [រយៈពេលចែកលុយ] ខ្ញុំបាននិយាយក្នុងនាមរដ្ឋាភិបាលថា វា (គម្រោងនេះ) មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ”។

ការលើកឡើងរបស់លោក បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមនុស្ស ១០០នាក់ ស្ថិតនៅក្រៅឈ្មោះអ្នកដែលនឹងប្រាក់ ចំនួន ៥,០០០បាត បាននាំគ្នាប្រមូលផ្តុំនៅក្រសួងហិរញ្ញវត្ថុ ដើម្បីតវ៉ាប្រឆាំងនឹងចំណាត់ការរបស់ក្រសួង ក្នុងការដកសិទ្ធិពួកគេ។

សូមជម្រាបថា យ៉ាងហោចណាស់មានមនុស្ស ចំនួន ២៧លាននាក់ បានចុះឈ្មោះសម្រាប់ការប្រគល់ប្រាក់ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងជ្រើសរើសយកតែ ៨-៩លាននាក់ប៉ុណ្ណោះ ដើម្បីទទួលបានប្រាក់នេះ។

គិតត្រឹមថ្ងៃពុធ ប្រជាជនដែលបានចុះឈ្មោះប្រហែល ១២លាននាក់ ត្រូវបានគេដកសិទ្ធិទទួលប្រាក់នេះ៕

Loading...