ពិភពលោកបង្ហាញការសោកស្តាយ ចំពោះម្ចាស់ស្នាដៃគំនូរជីវចល «ឆ្មា និងកណ្តុរ» ដែលគ្រប់គ្នាចងចាំមិនភ្លេច

April 22, 2020 155

ឡុងដ៍​ ៖ បើយោងតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកលេងបណ្តាញសង្គម សារព័ត៌មានធំៗ និងស្ថានីយទូរទស្សន៍នានា ទូទាំងពិភពលោក ទោះបីជាកំពុងវីវក់នឹងជំងឺរាតត្បាតសកល COVID-19 យ៉ាងណាក្តី ក៏ពួកគេមិនអាចរំលងបានឡើយ ក្នុងការចូលរួមរំលែងទុក្ខ និងបង្ហាញក្តីអាលោះអាល័យ ចំពោះម្ចាស់ជ័យលាភីពានរង្វាន់អូស្ការ និងជាអ្នកផលិតភាពយន្ត ព្រមទាំងគំនូរជីវចលដ៏ល្បីល្បាញមួយរូប គឺលោក ហ្សែន ដេច (Gene Deitch) តាមរយៈភាពយន្តគំនូរជីវចល ថម និងជែរី (Tom and Jerry ) ដែលបានទទួលមរណភាពហើយនភអាយុ ៩៥ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

មូលហេតុនៃការស្លាប់របស់លោក Gene Deitch នៅតែមិនទាន់ត្រូវបានបង្ហាញឲ្យដឹងប្រាកដនៅឡើយទេ។ ប៉ុន្តែសមាជិកគ្រួសារម្នាក់របស់លោកបានអះអាងថា ការស្លាប់នេះមិនមានជាប់ពាក់ព័ន្ធនឹងជំងឺ COVID-19 ខណៈប្រភពខ្លះអះអាងផ្ទុយពីនេះ។

ទោះជាយ៉ាងណា ពិភពលោកទាំងមូលពិតជាមានភាពសោកស្តាយខ្លាំងណាស់ ចំពោះដំណឹងមរណភាពរបស់លោក ហ្សែន ដេច (Gene Deitch) ដែលជាម្ចាស់ស្នាដៃភាពយន្តគំនូរជីវចលល្បីៗជាច្រើន ជាពិសេសក្នុងចំណោមកុមារដែលធ្លាប់ទស្សនាស្នាដៃលោក។ អ្នកគ្រាំ ព្រមទាំងមិត្តរួមការងាររបស់លោក បានយកវេទិកាបណ្តាញទំនាក់ទំនងសង្គម Twitter ដើម្បីសម្តែងការគោរព និងសោកស្តាយបំផុត ចំពោះដំណឹងមរណភាពនេះ ខណៈការបង្ហោះចែករំលែករូបលោក អមជាមួយស្នាដៃដែលលោកបានផលិតឡើង ក៏នៅតែបន្តនៅលើ Facebook, Instagram និងបណ្តាញសង្គមល្បីៗជាច្រើនទៀតលើលោក។

អ្នកគ្រាំទ្រម្នាក់បានសរសេរនៅលើគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា «សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុខគតិភព (R.I.P)។ អ្នកបានរស់នៅជាជីវិតសិល្បករ និងមានឥទ្ធិពលលើមនុស្សជាច្រើនរាប់មិនអស់។ ពួកយើងទាំងអស់គ្នានឹងចងចាំអ្នកជានិច្ច»។

ខណៈមានអ្នកគ្រាំទ្រមា្នក់ទៀតបាននិយាយថា «ខ្ញុំសូមអរគុណលោក Gene Deitch ដែលធ្វើឲ្យកុមារភាពរបស់យើងពោពេញដោយក្តីរីករាយ ដូច្នេះខ្ញុំជឿថា មនុស្សជំនាន់ក្រោយនឹងស្រលាញ់ភាពយន្តនេះ ពីព្រោះមិនមានក្មេងណាម្នាក់ ដែលមិនចូលចិត្តមើលរឿងតុក្កតា Tom and Jerry និងរឿង ប៉ុបអាយ (Popeye) នោះឡើយ»។

គួរជម្រាបថា លោកហ្សែន ដែតឆ៍ (Gene Deitch) កើតនៅឆ្នាំ ១៩២៤ នៅរដ្ឋឈីកាហ្គោ (Chicago) នៃសហរដ្ឋអាមេរិក ហើយបានទៅរស់នៅក្នុងទីក្រុងប្រាក (Prague) នៃប្រទេសឆែក ក្នុងឆ្នាំ១៩៥៩ ជាកន្លែងដែលគាត់បានជួបភរិយារបស់លោក គឺលោកស្រីហ្ស៊ីដិនកា (Zdenka)។

លោកត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈស្នាដៃដ៏អស្ចារ្យរបស់លោកក្នុងរឿងគំនូរជីវចល ថម និងជែរី (Tom and Jerry ) ដែលលោកបានដឹកនាំចំនួន ១៣ ភាគដំបូងគេ។ លោក Gene Deitch ក៏ត្រូវបានគេស្គាល់ផងដែរ តាមរយៈស្នាដៃរបស់លោក ក្នុងភាពយន្តគំនូរជីវចលដ៏ល្បីល្បាញមួយទៀត គឺ Popeye the Sailor។ ក្នុងឆ្នាំ ២០០៤ លោកបានទទួលពានរង្វាន់ វីនស័រ ម៉ាកខេយ (Winsor McCay) សម្រាប់ការចូលរួមចំណែកពេញមួយជីវិតរបស់លោក ក្នុងវិស័យភាពយន្តគំនូរជីវចល៕

Loading...