Lionel Messi ឈ្នះស្បែកជើងមាសនៅ La Liga ជាកំណត់ត្រាលើកទី៧ ខណៈ Barcelona បានត្រឹមរងជើងឯក ដោយចាញ់ Real ៥ពិន្ទុ

July 20, 2020 278

ម៉ាឌ្រីដ ៖ កីឡាករពាក់លេខ១០ Lionel Messi បានបញ្ចប់ក្នុងចំណាត់ថ្នាក់ ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ ដែលជាកំណត់ត្រាលើកទី៧ បន្ទាប់ពីរកបាន ២គ្រាប់បន្ថែម ខណៈអតីតក្រុមម្ចាស់ជើងឯក FC Barcelona បានបញ្ចប់យុទ្ធនាការដ៏ខកចិត្តរបស់ពួកគេ ដោយទទួលបានជ័យជម្នះ ៥-០ នៅលើទឹកដី Deportivo Alaves នៅរាត្រីថ្ងៃអាទិត្យ។

តាមរយៈព័ត៌មានពី Channel News Asia បានចេញផ្សាយថា Barca បញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ត្រឹមលេខ២ ដោយមាន ៨២ពិន្ទុ ដេញតាមពីក្រោយក្រុមម្ចាស់ជើងឯកថ្មី Real Madrid ចំនួន ៥ពិន្ទុក្នុងថ្ងៃបិទបញ្ចប់នៃសប្តាហ៍ទី៣៨ ក្នុងចំណោម ២០ក្រុមចូលរួម នៅពេលដែល Real Madrid បានបញ្ចប់ក្នុងលទ្ធផល ២-២ នៅទឹកដីរបស់ Leganes នៅថ្ងៃអាទិត្យដូចគ្នា នៅពេលដែល Alaves បញ្ចប់ដោយលេខ១៦។

ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានស៊ុតគ្រាប់នាំមុខឲ្យ Barca នៅពាក់កណ្តាលតង់ទី១ បន្ទាប់ពីរួមក្រុម Lionel Messi និង Luis Suarez រកបានម្នាក់ ១គ្រាប់ទៀត ដើម្បីនាំមុខ ៣គ្រាប់ត្រឹមរយៈពេល ៤៥នាទីដំបូង។

សម្រាប់ឯកខ្សែការពារ Nelson Semedo បន្តរកបានគ្រាប់ទី៤ នៅដើមតង់ទី២ មុនពេល Messi រកបានគ្រាប់ទី២ របស់ខ្លួនទៀតនៅនាទី៧៥ ដើម្បីបញ្ចប់យុទ្ធនាការរកបាន ២៥គ្រាប់ក្នុងលីគកំពូល La Liga នារដូវកាលនេះ ដោយមាន ៤គ្រាប់ច្រើនជាងកីឡាកររកគ្រាប់បាល់ទី២ Karim Benzema របស់ក្រុមជើងឯក Real Madrid ក្នុងការឈ្នះស្បែកជើងមាសជាលើកទី៧ នៅទឹកដីអេស្ប៉ាញ។

Messi បានថ្លែងប្រាប់ CNA ក្រោយចប់ការប្រកួតថា «រង្វាន់ និងគោលបំណងនីមួយៗ គឺជារង្វាន់បន្ទាប់បន្សំ។ វាជាសមិទ្ធផលដ៏សំខាន់មួយក្នុងការឈ្នះវាចំនួន ៧ដងក៏ពិតមែន ប៉ុន្តែខ្ញុំចង់បានរង្វាន់នេះ ដែលត្រូវបានផ្សាភ្ជាប់មកជាមួយនូវពានរង្វាន់ La Liga ផងដែរ»៕

Loading...