Vinicius Junior ស៊ុតបាន ២គ្រាប់ជួយ Real Madrid យកឈ្នះ Liverpool ៣-១ នៃវគ្គ ៨ក្រុម នៅ Champions League

April 07, 2021 29

ម៉ាឌ្រីដ ៖ កីឡាករវ័យក្មេងលំដាប់ទី២ Vinicius Junior របស់ Real Madrid រកបាន ២គ្រាប់ក្នុងជ័យជម្នះ ៣-១ ទៅលើក្រុមភ្ញៀវ ហង្សក្រហម Liverpool សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនៅពានរង្វាន់អឺរ៉ុប UEFA Champions League នារាត្រីថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

២គ្រាប់របស់ Junior ដែលមានវ័យ ២០ឆ្នាំនោះគឺបានកើតឡើងនៅនាទី២៧ ដែលជាគ្រាប់បែកពងមាន់ក្នុងការប្រកួតនៅទឹកដីអេស្ប៉ាញ ក្នុងកីឡដ្ឋាន Stefano Alfredo ក្រោយពីការបញ្ជូនយ៉ាងស្អាតរបស់មិត្តរួមក្រុម Toni Kroos មុនពេល Luka Modric បញ្ជូនឲ្យស៊ុតគ្រាប់ទី២ ទៀតនៅនាទី៦៥ នៅក្រោយពេល Marcos Asensio រកបាន ១គ្រាប់ដែរនៅនាទី៣៦ ដើម្បីជួយឲ្យ Real នាំមុខ ២-០ ត្រឹមរយៈពេល ៤៥នាទី។

តែយ៉ាងណា Mohamed Salah ដែលជួយឲ្យ Liverpool ឈ្នះជើងឯក UCL ឆ្នាំ២០១៩ និងពាន Premier League ឆ្នាំ២០២០ នោះ រកបានតែ ១គ្រាប់សម្រាប់ការប្រកួតក្រៅដីក្នុងជើងទី១ នៅនាទី៥១ នៅមុនពេលវិលទៅទឹកដីអង់គ្លេសវិញនាសប្តាហ៍ក្រោយសម្រាប់ជើងទី២កាត់សេចក្តី។

ក្នុងជំនួបសងសឹកដែល Liverpool បានចាញ់ Real Madrid វគ្គផ្តាច់ព្រ័ត្រ UCL កាលឆ្នាំ២០១៨ ក្នុងលទ្ធផល ៣-១ ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior បានក្លាយជាកីឡាករវ័យក្មេងទី២ ដែលរកគ្រាប់បាល់បាននៅ UEFA Champions League ក្នុងវគ្គចាញ់-ធ្លាក់នេះ ក្រៅពី Raul ដែលមានវ័យទើបតែ ១៨ឆ្នាំ និង ២៥៣ថ្ងៃនោះ ធ្លាប់ធ្វើបានកាលខែមីនា ឆ្នាំ១៩៩៦ ពេលប្រកួតទល់នឹងសេះបង្កង់ Juventus៕

Loading...