រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកអាជីវកម្មសណ្ឋាគារ «កាស៉ីណូ រ៉េដឡានធើន អ៉ិនធើណេសិនណល» ក្រោយរកឃើញបុគ្គលិកកើតជំងឺកូវីដ១៩

April 08, 2021 32

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មបណ្ដោះអាសន្ន សណ្ឋាគារ «កាស៉ីណូ រ៉េដឡានធើន អ៉ិនធើណេសិនណល» ដែលមានទីតាំងស្ថិតនៅផ្លូវឯករាជ្យ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយរកឃើញបុគ្គលិកកើតជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានទទួលព័ត៌មានថា មានករណីសង្ស័យអំពីការឆ្លងជំងឺនេះ ដល់បុគ្គលិកសណ្ឋាគារ កាស៉ីណូ រ៉េដឡានធើន អ៉ិនធើណេសិនណល ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ក៏បានយកវត្ថុសំណាកពីអ្នកសង្ស័យដើម្បីពិនិត្យរកជំងឺកូវីដ-១៩។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគន៍តម្រូវឲ្យម្ចាស់អាជីវកម្ម ផ្អាកជាបណ្ដោះអាសន្នការចេញ-ចូលសណ្ឋាគារ និងកាស៉ីណូនោះជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលស្នាក់នៅ ទៅកម្សាន្ដ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលស្នាក់នៅក្នុងទីតាំងនោះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងយកវត្ថុសំណាកពីអ្នកស្នាក់នៅក្នុងសណ្ឋាគារ និងកាស៉ីណូនោះទាំងអស់ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ-១៩៕

Loading...