បែកធ្លាយព័ត៌មានថា ផ្ទះសំណាក់ «ស្វាយ តានី ៦១១» នៅស្រុងស្អាង ជាកន្លែងផ្តល់ទីតាំងឲ្យក្មេងៗប្រើប្រាស់គ្រឿងញៀន

April 08, 2021 58

កណ្តាល ៖ មានការបែកធ្លាយព័ត៌មានថា ផ្ទះសំណាក់ «ស្វាយ តានី ៦១១» ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្តាល ជាកន្លែងផ្តល់ទីតាំងឲ្យក្មេងៗប្រើប្រាស់គ្រឿងញៀន និងធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកច្រើនសារ តែហាក់មិនបញ្ឈប់សកម្មភាពល្មើសទាល់តែសោះ។

ជាក់ស្តែង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវយកគ្រឿងញឿនទៅប្រើប្រាស់ក្នុងផ្ទះសំណាក់ «ស្វាយ តានី ៦១១»។ ពេលនោះ សមត្ថកិច្ចឈានដល់ចូលផ្ទះសំណាក់ ស្វាយ តានី ៦១១ ឃើញក្មេងៗ៧នាក់ទៀត កំពុងរង់ចាំមិត្តភក្តិ២នាក់នេះ យកគ្រឿងញៀនមកឲ្យប្រើប្រាស់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន៖ ទី១.ឈ្មោះ ឆេង សុខឡាយ អាយុ១៦ឆ្នាំ និងទី២.ឈ្មោះ ទូច អ៊ីតាន់ អាយុ១៨ឆ្នាំ។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀន៤កញ្ចប់តូច, ម៉ូតូចំនួន១គ្រឿង ម៉ាក Beat ពណ៌ស-លាយខៀវ ពាក់ស្លាកលេខ កណ្តាល 1AG-6468, ទូរស័ព្ទ ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆេង សុខឡាយ និងឈ្មោះ ទូច អ៊ីតាន់ បានសារភាពថា គ្រឿងញៀននេះ ខ្លួនបានទិញពីឈ្មោះ សារឹម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំនួន៤កញ្ចប់តូច តម្លៃ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់។

ដោយឡែក ក្មេងៗ៧នាក់ ដែលឃាត់ខ្លួនក្នុងផ្ទះសំណាក់ «ស្វាយ តានី ៦១១» ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើតេស្ត មិនឃើញមានសារធាតុញៀន។

តាមប្រភពព័ត៌មានបានបង្ហើបប្រាប់ថា ផ្ទះសំណាក់ «ស្វាយ តានី» គឺជាទីតាំងលួចលាក់ និងប្រមូលផ្តុំដោយក្រុមគ្រឿងញៀន និង ក្រុមក្មេងទំនើងយ៉ាងអនាធិបតេយ្យ ខណៈកន្លងមកផ្ទះសំណាក់នេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបក្រុមគ្រឿងញៀនច្រើនដងផងដែរ។

ជុំវិញបញ្ហានេះ ម្ចាស់ផ្ទះសំណាក់ «ស្វាយ តានី ៦១១» បានប្រាប់នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះថា ពិតជាមានករណីសមត្ថកិច្ចចុះមកឃាត់ខ្លួនក្រុមក្មេងមកដេកផ្ទះសំណាក់គាត់ពិតប្រាកដមែន។ ម្ចាស់ផ្ទះសំណាក់ បន្តថា ពួកក្មេងទាំងនោះដេករួចចេញ-ចូលៗ តែម្តង ដោយបន្ទាប់ពីធ្វើការឃាត់ខ្លួនរួច លោកអភិបាលស្រុកស្អាង និងលោកអធិការស្រុកស្អាង បានឲ្យគាត់ធ្វើកិច្ចសន្យារួចហើយដែរ៕

Loading...